មីយ៉ាន់ម៉ានាំចេញអង្ករជាង ៣២ម៉ឺនតោន ក្នុងអំឡុងខែមេសា-មិថុនា ឆ្នាំ២០២២នេះ
ណៃពិដោ៖ មីយ៉ាន់ម៉ាបាននាំចេញអង្ករប្រហែល ៣២២,៦៥០តោន និងអង្ករបាក់ប្រហែល ២២៧,៨៩០តោនក្នុងរយៈពេល ៣ខែដំបូងនៃឆ្នាំសារពើពន្ធ ២០២២-២០២៣។ នេះបើយោងតាមសហព័ន្ធស្រូវអង្ករមីយ៉ាន់ម៉ា (MRF) នៅថ្ងៃចន្ទដើមសប្តាហ៍នេះ។
ក្នុងខែមិថុនា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបាននាំចេញអង្ករចំនួន ៨៣.៩២៦ តោន និងអង្ករបាក់ចំនួន ៦២.១៦៨តោនទៅកាន់ប្រទេស ក្នុងនោះរួមមាន ចិន ហ្វីលីពីន ប៊ែលហ្ស៊ិក និងបារាំង។ ទិន្នន័យផ្លូវការបានបង្ហាញថា ប្រទេសនេះបាននាំចេញអង្ករចំនួន ៩៤,៦៩១តោន និងអង្ករបាក់ចំនួន ៥៨,៨១៥តោន ក្នុងខែឧសភា ខណៈដែលមីយ៉ាន់ម៉ាបាននាំចេញអង្ករជាង ១៤៤,០៣០តោន និងអង្ករបាក់ចំនួន ១០៦,៩១២តោននៅក្នុងខែមេសា។
ទិន្នន័យ សហព័ន្ធស្រូវអង្ករមីយ៉ាន់ម៉ា (MRF) បានបង្ហាញថា ដោយសារជំងឺរាតត្បាត COVID-19 មីយ៉ាន់ម៉ាបានដឹកជញ្ជូនអង្ករនាំចេញ និងអង្ករបាក់ភាគច្រើនរបស់ខ្លួនតាមផ្លូវសមុទ្រ។ ក្នុងខែមិថុនា មីយ៉ាន់ម៉ាបាននាំចេញអង្ករ និងអង្ករបាក់ចំនួន ១២៥,៣៧៤តោនតាមផ្លូវសមុទ្រ ខណៈដែលប្រទេសនេះបាននាំចេញអង្ករ និងអង្ករបាក់ត្រឹមតែ ២០,៧២០តោន តាមច្រកព្រំដែនគោកប៉ុណ្ណោះ។
ក្រសួងពាណិជ្ជកម្មមីយ៉ាន់ម៉ាបានឱ្យដឹងថា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ស្រូវគឺជាដំណាំដែលដាំដុះច្រើនជាងគេ បន្ទាប់មកគឺសណ្តែក និងគ្រាប់ធុញ្ញជាតិ។ មីយ៉ាន់ម៉ាបាននាំចេញអង្កររបស់ខ្លួនទៅកាន់ប្រទេសចិន និងជប៉ុន ព្រមទាំងបណ្តាប្រទេសសហភាពអឺរ៉ុប ឥណ្ឌូណេស៊ី បង់ក្លាដែស ម៉ាឡេស៊ី ស្រីលង្កា ប្រទេសអាហ្វ្រិក និងបណ្តាប្រទេសមជ្ឈិមបូព៌ា។ នេះបើយោងតាមសហព័ន្ធស្រូវអង្ករមីយ៉ាន់ម៉ា (MRF)៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា



