រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជំរុញឱ្យរួមគ្នាបន្តអនុវត្តជំហានចុងក្រោយ ដើម្បីឈានទៅលុបបំបាត់ឱ្យបាន ជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៣ខាងមុខ

កំពង់ស្ពឺ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានជំរុញឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់និងប្រជាពលរដ្ឋនៃខេត្តកំពង់ស្ពឺរួមគ្នាបន្តអនុវត្តជំហានចុងក្រោយដើម្បីឈានទៅលុបបំបាត់ឱ្យបានជំងឺគ្រុនចាញ់នៅឆ្នាំ២០២៣ខាងមុខ ។ ការថ្លែងយ៉ាង ដូច្នេះ បានធ្វើឡើងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសដែលឯកឧត្តមសាស្ត្រាចារ្យបានដឹកនាំក្រុមការងារប្រតិភូជាន់ខ្ពស់អង្គការសុខភាពពិភពលោកចុះសិក្សាស្វែងយល់អំពីវឌ្ឍនភាពវិស័យសុខាភិបាលពិសេសលើកម្មវិធីលុបបំបាត់ជំងឺគ្រុនចាញ់និងការថែសុខភាពបឋមរបស់ខេត្តកំពង់ស្ពឺ ។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងជំរុញដល់មន្ដ្រីសុខាភិបាល ទូទាំងប្រទេស ពិសេសមន្ត្រីសុខាភិបាលខេត្តគោលដៅ ឱ្យបន្ដ ខិតខំយកចិត្ដទុកដាក់ និង ពង្រឹងសកម្មភាព អនុវត្តជំហានចុងក្រោយ ឆ្ពោះទៅលុបបំបាត់ ជំងឺគ្រុនចាញ់ ប្រភេទ ប្លាស់ស្មូដ្យូម ហ្វាល់ស៊ីប៉ារ៉ូម នៅ ឆ្នាំ២០២៣ ។

ឯកឧត្តមសាស្ត្រាចារ្យ បន្តថា ចំនួន អ្នកជំងឺ ប្លាស់ស្មូដ្យូមហ្វាល់ស៊ីប៉ារ៉ូម ថ្វីដ្បិតតែមានការថយចុះច្រើន តែគ្រប់គ្នាត្រូវ ពង្រឹងបន្ថែមទៀត ជាពិសេស សកម្មភាព អនុវត្តជំហានចុងក្រោយ ។ ការចូលរួមចំណែកយ៉ាងសកម្ម ពីមន្ដ្រី ពាក់ព័ន្ធ គឺជាភាពចាំបាច់បំផុត ដើម្បី សម្រេចឱ្យបាននូវផែនការយុទ្ធសាស្ត្រ ជាតិ លុបបំបាត់ ជំងឺគ្រុនចាញ់ ឆ្នាំ ២០១១-២០២៥ របស់ រាជរដ្ឋាភិបាល ជាពិសេស គឺ ជំហានចុងក្រោយលុបបំបាត់ ឱ្យបាននូវជំងឺគ្រុនចាញ់ ប្រភេទ ហ្វាល់ស៊ីប៉ារ៉ូម នៅឆ្នាំ២០២៣ ។

ជាមួយនោះដែរឯកឧត្តមសសស្ត្រាចារ្យ បាន ធ្វើការណែនាំ ដល់ស្ថាប័ន ពាក់ព័ន្ធ ជាពិសេស មជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺ គ្រុនចាញ់ ត្រូវពិនិត្យ តាមដាន ស្ថានភាពជំងឺឱ្យទាន់ពេលវេលារាល់ ២៤ម៉ោង និង មានវិធានការ ឆ្លើយតប បន្ទាន់ តាមវិធីសាស្ត្រ ១-៣-៧ ហើយក្នុងករណីរកឃើញ មានវិជ្ជមាន ជំងឺនេះត្រូវព្យាបាល និង កំណត់ភូមិសាស្ត្រ សម្បុកចម្លង និង ឆ្លើយតប កម្ចាត់សម្បុកបង្កជំងឺ ។

ត្រូវ ចូលរួមប្រតិបត្តិ ឱ្យមានប្រសិទ្ធភាព នូវ វិធីសាស្ត្រ ជំហានចុងក្រោយ“ លុបបំបាត់ជំងឺគ្រុនចាញ់ ប្រភេទ ហ្វាល់ស៊ីប៉ារ៉ូម ត្រឹម ឆ្នាំ២០២៣” លើគោលដៅ ប្រជាជន ចេញចូលទៅតំបន់ប្រឈមជំងឺគ្រុនចាញ់ ដូចជាអ្នកប្រកបរបរចូលព្រៃរកអនុផលព្រៃឈើ អ្នកទៅបោះជំរំ ឬ អ្នកទេសចរ កម្សាន្ត ក្នុងព្រៃភ្នំ ជាដើម ។ ត្រូវបង្កើនប្រសិទ្ធភាព នៃ ការគ្របដណ្តប់មុងជ្រលក់ថ្នាំ ដល់ប្រជាជន ចល័ត និង ចំណាកស្រុក ឱ្យបាន ១០០ ភាគរយ ពិសេស តាមរយៈ អ្នកស្ម័គ្រចិត្ត ព្យាបាល ជំងឺគ្រុនចាញ់ ចល័ត ហើយត្រូវពង្រឹង និងពង្រីក វិសាលភាព ការព្យាបាល ផ្តាច់ជំងឺគ្រុនចាញ់ប្រភេទ វីវ៉ាក់ដោយ ថ្នាំ Primaquine ១៤ថ្ងៃ នៅទូទាំងប្រទេស ឱ្យមានប្រសិទ្ធភាពខ្ពស់ ។

សូមបញ្ជាក់ផងដែរថា បើតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា÷ ផ្អែកលើលទ្ធផលការងារស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ដែលមន្ទីរសុខាភិបាលសម្រេចបានក្នុងឆ្នាំកន្លងមកបង្ហាញថា ស្ថានភាពជំងឺគ្រុនចាញ់គ្រប់ទម្រង់នៅទូទាំងខេត្ត បានថយចុះគួរជាទីមោទនៈ ក្នុងរង្វង់ ៥៥% សម្រាប់ ៣ឆ្នាំជាប់គ្នាកន្លងទៅនេះ។ ករណីគ្រុនចាញ់សន្ធំ និងចម្រុះ បានថយចុះក្នុងរង្វង់ ៧០% រៀងរាល់ឆ្នាំ ពី ១៥០៧ករណីក្នុងឆ្នាំ២០១៩ មក ៤៧៤ករណីនៅ ឆ្នាំ ២០២០ និងបន្តថយចុះមកនៅតែ ១២៤ ករណីក្នុងឆ្នាំ២០២១។

សម្រាប់ ឆ្នាំ ២០២២ ឆមាសទី១នេះនិន្នាការករណីគ្រុនចាញ់មានការថយចុះផងដែរ ដោយមានចំនួនករណីសរុបតែ ៥១២ ករណី ក្នុងនោះប្រភេទមេរោគគ្រុនចាញ់សន្ធំ និងចម្រុះមានចំនួនតែ ៤០ ករណី ប្រភេទវីវ៉ាក់ ៤៧១ករណី និងប្រភេទម៉ាឡាយ៉េ ចំនួន ១ករណី ។ បើប្រៀបធៀបក្នុងឆមាសទី១រយៈ ពេលបីឆ្នាំដូចគ្នា (ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២) ករណីវិជ្ជមានគ្រប់ទម្រង់មានការថយចុះក្នុងរង្វង់ ៤៦% ។ នេះជាកត្តាជោគជ័យគួរឱ្យកត់សំគាល់ ជាងនេះទៅទៀតចាប់តាំងពីឆ្នាំ២០១៨ មកដល់បច្ចុប្បន្ននេះ មិនមានករណីស្លាប់ដោយសារជំងឺគ្រុនចាញ់ឡើយ។

ជោគជ័យទាំងអស់នេះបានបង្ហាញឱ្យឃើញថា បើទោះជាក្នុងបរិបទដ៏លំបាកដោយសារការឆ្លងរាតត្បាតជំងឺកូវីដ១៩ក៏ដោយ ក៏ការងារប្រយុទ្ធនឹងជំងឺគ្រុនចាញ់របស់មន្ទីរសុខាភិបាលនៅតែប្រតិបត្តិបានប្រកបដោយជោគជ័យ ៕ ដោយ៖ម៉ុន សំអាត

ads banner