ភាគីក្រុមហ៊ុនបុរី VIP និងភាគីអតិថិជន យល់ព្រមអនុវត្តតាមការព្រមព្រៀង ដែលជាការសម្របសម្រួល របស់ អាជ្ញាធរខេត្តព្រះសីហនុ

(ខេត្តព្រះសីហនុ) ៖ វិវាទរវាងអតិថិជននិងក្រុមហ៊ុនបុរីវីអាយភីខេត្តព្រះសីហនុ ទំនងជារកឃើញច្រកចេញបន្ទាប់ពីថ្នាក់ដឹកនាំខេត្តព្រះសីហនុ បានអញ្ជើញភាគីទាំងពីចូលរួមក្នុងកិច្ចប្រជុំពិភាក្សាដើម្បីរកដំណោះស្រាយដោះស្រាយបញ្ហានាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២។

អថិជនចំនួន ១៣៦គ្រួសារបានទិញផ្ទះក្នុងបុរីVIPខេត្តព្រះសីហនុ។
ដោយសារតែមានការរអាក់រអួលខ្លះបានធ្វើអោយកិច្ចសន្យាទិញលក់ផ្ទះល្វែង/វីឡាកូនកាត់ មានទីតាំងស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់មិនអាចអនុវត្តតាមតាមលក្ខខណ្ឌដែលបានព្រមព្រៀងរវាងក្រុមហ៊ុននិងអ្នកទិញ។បញ្ហានេះបាននាំអោយមានការប្រមូលផ្តុំគ្នាតវ៉ាជាបន្តបន្ទាប់ពីសំណាក់អតិថិជនខ្លួន។

ក្រោមកិច្ចសម្រុះសម្រួលពី
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យភាគីតំណាងប្រជាពលរដ្ឋ និងតំណាងក្រុមហ៊ុន លើកឡើងជាមតិយោបល់ ដើម្បីធ្វើការដោះស្រាយ ។

តាមរយៈកិច្ចប្រជុំនេះបានរកឃើញច្រកចេញមួយដើម្បីឈានទៅបញ្ចប់វិវាទដោយភាគីទាំងសងខាងបានឯកភាពព្រមព្រៀងគ្នាគោរពអនុវត្តតាមលក្ខខណ្ឌមួយចំនួន៖
១-ភាគីក្រុមហ៊ុនបុរី VIP ធានាអះអាងនឹងចាប់ផ្តើមបន្តការសាងសង់ផ្ទះជូនអតិថិជនឱ្យបានរួចរាល់ ក្នុងរយៈពេល ១២ខែ ដោយគិតចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ តទៅ។ ក្នុងករណី ក្រុមហ៊ុនបុរី VIP មិនអាចសាងសង់ទាន់ពេលវេលាដូចការធានាអះអាងខាងលើនេះទេ ក្រុមហ៊ុនបុរី VIP យល់ព្រមបង់ការប្រាក់ ជូនអតិថិជន ១ភាគរយ ក្នុងមួយខែ នៃទឹកប្រាក់ដែលអតិថិជនបានបង់ជូនទៅក្រុមហ៊ុនជាក់ស្តែង។ក្រុមហ៊ុនយល់ព្រមរៀបចំយន្តការ នៃការទូទាត់សងការប្រាក់ជូនទៅអតិថិជន នៅស្នាក់ការលក់ផ្ទះរបស់ក្រុមហ៊ុន បុរី VIP នៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
២-ភាគីក្រុមហ៊ុនបុរី VIP នឹងប្រគល់ប័ណ្ណកម្មសិទ្ធិ រួមទាំងឯកសារផ្ទេរកម្មសិទ្ធិជូនទៅអតិថិជនណាដែលបានបង់ប្រាក់គ្រប់ចំនួន ១០០% តាមកិច្ចសន្យា ក្នុងរយៈពេល ០៨ខែ គិតចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ តទៅ។
៣-ភាគីទាំងសងខាងយល់ព្រមជូនអាជ្ញាធរមានសមត្ថកិច្ចដើម្បីតាមដានការអនុវត្តការងារសាងសង់របស់ក្រុមហ៊ុនបុរី VIP។
៤-ភាគីក្រុមហ៊ុនបុរី VIP ត្រូវបន្តការសាងសង់សំណង់ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ និងអនុញ្ញាតឱ្យអាជ្ញាធរមានសមត្ថកិច្ចចុះត្រួតពិនិត្យវាយតម្លៃពីវឌ្ឍនភាព នៃសំណង់ នៅអំឡុងដើមខែកញ្ញា ឆ្នាំ២០២២ ដើម្បីឱ្យអតិថិជនបន្តការបង់ប្រាក់ជូនបុរី តាមការឯកភាពជារួមរវាងក្រុមហ៊ុនបុរី VIP , អតិថិជន និងក្រុមការងាររដ្ឋបាលខេត្ត។
៥-ចំពោះអតិថិជនដែលមិនទាន់បានបង់ប្រាក់គ្រប់ចំនួន ត្រូវបន្តបង់ប្រាក់តាមកិច្ចសន្យានៅពេលដែលក្រុមហ៊ុនបុរី VIP សាងសង់សំណង់សម្រេចបាន តាមសមាមាត្រនៃទំហំទឹកប្រាក់ដែលអតិថិជនបានបង់ (តាមការវាយតម្លៃរបស់មន្ត្រីជំនាញ)។
៦-ភាគីក្រុមហ៊ុនបុរី VIP និងភាគីអតិថិជនយល់ព្រមអនុវត្តតាមការព្រមព្រៀង។ប្រសិនបើភាគីណាមួយមិនអនុវត្តតាមការព្រមព្រៀងខាងលើនេះ ភាគីនោះសុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់ ៕ ដោយ ៖ ខៀវ សាវ៉ុន

ads banner