អភិបាលខេត្តស្វាយរៀង ប្រកាសសុពភាពសមាជិកក្រុមប្រឹក្សាសង្កាត់ស្វាយរៀង អាណត្តិទី៥ ឆ្នាំ២០២២

(ស្វាយរៀង) ៖ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនៅថ្ងៃទី៥ខែកក្កដាឆ្នាំ២០២២ បានអញ្ជើញប្រកាសសុពភាពសមាជិកក្រុមប្រឹក្សាសង្កាត់ស្វាយរៀង អាណត្តិទី៥ ឆ្នាំ២០២២ ស្ថិតនៅសាលប្រជុំសាលាក្រុងស្វាយរៀង ។

ឯកឧត្តមអភិបាលខេត្តបានស្នើឲ្យក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ នេះ ក៏ដូចជាគណបក្សនយោបាយនានា និង ប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំរួមគ្នាលើកកម្ពស់វប្បធម៌នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដើម្បីរស់នៅ និងបំពេញការងារប្រកបដោយភាពសុខដុមរមនាក្នុងសង្គមសម្រាប់ជាមូលដ្ឋានក្នុងការធានាចីរភាពដំណើរការលទ្ធិប្រធាធិបតេយ្យសេរីពហុបក្ស ការបោះឆ្នោតនិងការអភិវឌ្ឍសង្គមឲ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្តទៀត។

ឯកឧត្តមបន្តថា ចំពោះអស់លោក-លោកស្រី ដែលទើបជាប់ឆ្នោតថ្មី និងអស់លោក លោកស្រីដែលបានជាប់ឆ្នោតឡើងវិញជាសមាជិកក្រុមប្រឹក្សាសង្កាត់ ក្នុងអាណត្តិទី៥នេះ ពិតជាមានការរីករាយប្រកបដោយមោទនភាព និងកំពុងសម្រួចឆន្ទៈក្នុងការចូលរួមបញ្ចេញសមត្ថភាព ប្រាជ្ញា ស្មារតី កម្លាំងកាយ កម្លាំងចិត្តដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងសង្កាត់របស់ខ្លួន។ ដូច្នេះសូម លោក-លោកស្រី ទាំងអស់មេត្តាយកចិត្តទុកដាក់អនុវត្តឲ្យបានត្រឹមត្រូវតាមគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់រាជរដ្ឋាភិបាល បំពេញការងារចំពោះមុខមួយចំនួនឲ្យបានម៉ត់ចត់រួមទាំងការធានាបាននូវសាមគ្គីភាពផ្ទៃក្នុង និងការយោគយល់គ្នានៅក្នុងការបំពេញការងាររបស់ខ្លួន ។

ជាមួយគ្នានេះលោកបានថ្លែងនូវការអរគុណចំពោះក្រុមប្រឹក្សាអាណត្តិចាស់ពិតជាមានឆន្ទៈប្រកបដោយភាពសប្បាយរីករាយក្នុងការផ្ទេរតំណែងជូនក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥តាមរយៈការប្រគល់ ទទួលត្រា បញ្ជី សម្ភារៈ ប្រាក់កាស និងឯកសារនានាក្នុងឱកាសនេះ ៕ ដោយ ៖ នុត នាង

ads banner