លោក ហ្សេលេនស្គី៖ គ្មានកន្លែងសម្រាប់ជនជាតិរុស្ស៊ីនៅក្នុងព្រឹត្តិការណ៍កីឡាពិភពលោកទេ

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យបន្តដាក់អត្តពលិករុស្ស៊ីឱ្យនៅដាច់ដោយឡែកពីកីឡាពិភពលោក ក្នុងអំឡុងប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក ថូម៉ាស់ បាច់ បំពេញទស្សនកិច្ចមកកាន់ទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។

លោក បាច់ បានពិភាក្សាជាមួយលោក ហ្សេលេនស្គី នៅក្នុងរដ្ឋធានីអ៊ុយក្រែនកាលពីថ្ងៃអាទិត្យចុងសប្តាហមុននេះ ហើយក៏បានជួបជាមួយអត្តពលិកនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡាអូឡាំពិករបស់ប្រទេសអ៊ុយក្រែនផងដែរ។ ថ្លែងវាយប្រហារលើរុស្ស៊ី លោក ហ្សេលេនស្គី បានទាមទារឱ្យ IOC ប្រកាន់ខ្ជាប់នូវគោលជំហរដែលខ្លួនបានប្រកាសជាលើកដំបូងនៅថ្ងៃទី២៨ ខែកុម្ភៈ នៅពេលដែលអ៊ុយក្រែនបានផ្តល់អនុសាសន៍ឱ្យអត្តពលិក និងក្រុមរបស់រុស្ស៊ី ព្រមទាំងបេឡារូសត្រូវផ្អាកពីការប្រកួតអន្តរជាតិទាំងអស់។

លោក ហ្សេលេនស្គី ត្រូវបានគេដកស្រង់សម្តីថា ខណៈពេលដែលរុស្ស៊ីកំពុងព្យាយាមបំផ្លាញប្រជាជនអ៊ុយក្រែន និងដណ្តើមយកប្រទេសអឺរ៉ុបផ្សេងទៀតនោះ អ្នកតំណាងរបស់ពួកគេមិនមានកន្លែងនៅក្នុងសហគមន៍កីឡាពិភពលោកទេ។ ប្រធាន IOC បានប្រាប់លោក ហ្សេលេនស្គីថា លោកចង់បង្ហាញពីសាមគ្គីភាព នៃចលនាអូឡាំពិកជាមួយមិត្តរបស់យើងនៅទីនេះ ក្នុងសហគមន៍អូឡាំពិកអ៊ុយក្រែន ហើយថា យើងចង់ធានាអ្នកថា អ្នកមិននៅម្នាក់ឯងជាមួយសហគមន៍អូឡាំពិកទេ។ IOC ក៏បានប្រកាសកាលពីថ្ងៃអាទិត្យដែរថា មូលនិធិដែលខ្លួនបានបង្កើតដើម្បីជួយអត្តពលិកអ៊ុយក្រែន បន្ទាប់ពីការផ្ទុះជម្លោះជាមួយរុស្ស៊ីនឹងកើនឡើងបីដង ដល់ទឹកប្រាក់ ៧.៥លានដុល្លារ។

លោក បាច់ បន្ថែមថា ខ្លួនអាចនឹងជួយធានាបានថា ទង់ជាតិអ៊ុយក្រែន នឹងហោះហើរខ្ពស់នៅឯព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងឆ្នាំ ២០២៤ និងការប្រកួតរដូវរងានៅ Cortina-Milano ប្រទេសអ៊ីតាលី ក្នុងឆ្នាំ ២០២៦៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner