លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានថ្លែងអំណរគុណ ចំពោះការជ្រើសរើសប្រទេសកម្ពុជាធ្វើវេទិការសម្រាប់កិច្ចសន្ទនាស្តីពីសន្តិភាព ដើម្បីការបង្រួបបង្រួមឧបទ្វីបកូរ៉េ
លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) បានថ្លែងអំណរគុណ ចំពោះការជ្រើសរើសប្រទេសកម្ពុជាធ្វើជាវេទិការសម្រាប់កិច្ចសន្ទនាស្តីពីសន្តិភាព ។ លោកជំទាវ បានថ្លែងបែបនេះ ក្នុងពិធីបិទសន្និសីទអន្តរជាតិ ស្ដីពី “ការកសាងសន្តិភាពប្រកបដោយចីរភាពនៅអាស៊ីប៉ាស៊ីហ្វិកផ្អែកលើមនុស្សនិយមសកល” ដើម្បីការបង្រួបបង្រួមឧបទ្វីបកូរ៉េដោយសន្តិភាព ដែលបានរៀបចំឡើងនៅវិមានរដ្ឋសភា ក្រោមកិច្ចសហការរៀបចំ ដោយមូលនិធិបណ្ឌិតសភា Hyojeong លេខាធិការដ្ឋាន UPF នៅអាស៊ីប៉ាស៊ីហ្វិក និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងដែលមានការអញ្ជើញចូលរួមពី តំណាងគណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភា នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ។
លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានមានប្រសាសន៍ថា នៅក្នុងកិច្ចសន្ទនារយៈពេលមួយថ្ងៃកន្លះមកនេះ បង្ហាញយ៉ាងច្បាស់ពីឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរួមផ្នែកនយោបាយ របស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងការលើកកម្ពស់សន្តិភាព ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងភាពតានតឹងដោយសារការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងភាពមិនច្បាស់លាស់ដែលបណ្តាលមកពីសណ្តាប់ធ្នាប់ពិភពលោកថ្មីដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស។
លោកជំទាវបានថ្លែងថា ក្នុងនាមជាប្រទេសជាតិមួយដែលស្រឡាញ់សន្តិភាព កម្ពុជាបាននិងកំពុងប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីចូលរួមចំណែកដល់សន្តិភាពពិភពលោក។ សន្តិភាព គឺជាតម្រូវការដំបូងបំផុត សម្រាប់ការអភិវឌ្ឍន៍ និងលទ្ធិប្រជាធិបតេយ្យ។ យើងទាំងអស់គ្នាត្រូវថែរក្សាពូនជ្រុំសន្តិភាព។ នៅកម្ពុជា សន្តិភាពគឺជាអាទិភាពចម្បងនៃដំណើរការកសាងប្រទេសជាតិរបស់យើង។ ឃ្លាថា “អរគុណសន្តិភាព” បានក្លាយជាយុទ្ធនាការជាតិរបស់កម្ពុជា ដើម្បីរំលឹកប្រជាជនអំពីតម្លៃនៃសន្តិភាព និងសារៈសំខាន់នៃការចូលរួមរបស់ប្រជាជនដើម្បីការពារថែរក្សាសន្តិភាព។
លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានមានប្រសាសន៍បន្តថា សន្និសីទអន្តរជាតិ ស្ដីពី “ការកសាងសន្តិភាពប្រកបដោយចីរភាពនៅអាស៊ីប៉ាស៊ីហ្វិកផ្អែកលើមនុស្សនិយមសកល” ដើម្បីការបង្រួបបង្រួមឧបទ្វីបកូរ៉េដោយសន្តិភាព គឺមានភាពពាក់ព័ន្ធ និងទាន់ពេលវេលា ស្របពេលដែលយើងកំពុងស្វែងរកវិធីសាស្រ្ត និងយន្តការថ្មីៗ ដើម្បីធ្វើយ៉ាងណាឱ្យការលើកកម្ពស់សន្តិភាពមានភាពកាន់តែប្រសើរឡើង។
លោកជំទាវ ក៏បានលើកឡើងដែរថា សន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ មិនអាចផ្តាច់ចេញពីសន្តិភាព និងស្ថិរភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោកបានទេ។ ក្នុងទស្សនៈនេះ សហគមន៍អន្តរជាតិមានកាតព្វកិច្ច និងទំនួលខុសត្រូវក្នុងការជំរុញកិច្ចសន្ទនារកសន្តិភាព និងការបង្រួបបង្រួមនៅឧបទ្វីបកូរ៉េ។ កម្ពុជាក៏បាននឹងកំពុងធ្វើកិច្ចការរបស់ខ្លួន ដើម្បីរួមចំណែកដល់សន្តិភាពនៅឧបទ្វីបកូរ៉េនេះដែរ។ ក្នុងនាមជាសហប្រធាននៃកិច្ចប្រជុំកំពូលពិភពលោកនៅឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍លើសំណើគោលនយោបាយជាក់ស្តែងពាក់ព័ន្ធមួយចំនួនឆ្ពោះទៅរកសន្តិភាព និងការបង្រួបបង្រួមនៅឧបទ្វីបកូរ៉េ ដែលត្រូវបានឆ្លុះបញ្ចាំងនៅក្នុងសេចក្តីថ្លែងការណ៍ទីក្រុងសេអ៊ូល ឆ្នាំ២០២២ និងសេចក្តីថ្លែងការណ៍នៃអនុសាសន៍ដែលយើងទើបតែបានអនុម័ត។
លោកជំទាវអនុប្រធានទី២នៃរដ្ឋសភា បានបន្ថែមថា សភាកម្ពុជាក៏បានរួមចំណែកដល់កិច្ចសន្ទនាស្វែងរកសន្តិភាពនៅឧបទ្វីបកូរ៉េ ជាពិសេសក្រោមក្របខណ្ឌនៃសមាគមសភាអាស៊ីប៉ាស៊ីហ្វិកនៃ UPF ដែលដឹកនាំដោយ ឯកឧត្តម ឯក ណាត ដាកាល់ ដែលកំពុងមានវត្តមាននៅទីនេះ។ សភាកម្ពុជានឹងបន្តពង្រឹងតួនាទីស្ថាប័នសភា និងសមាជិកសភាបន្ថែមទៀត ដើម្បីសន្តិភាព និងសន្តិសុខ។
លោកជំទាវអនុប្រធានទី២នៃរដ្ឋសភា បានបញ្ជាក់ថា កម្ពុជាបានរួមចំណែកដល់សន្តិភាពក្នុងតំបន់ និងពិភពលោក តាមរយៈការលើកកម្ពស់ប្រព័ន្ធពហុភាគី ប្រកបដោយភាពបើកចំហ បរិយាប័ន្ន និងដោយផ្អែកលើច្បាប់ និងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់យើងក្រោមក្របខណ្ឌអង្គការសហប្រជាជាតិទៅគ្រប់ទិសទីនៃពិភពលោក។ លោកជំទាវ ក៏បានធ្វើការអំពាវនាវ ដោយផ្ដល់ជូនទស្សនាទានចំនួន ៣ចំណុច ដល់អង្គវេទិកា ទាក់ទងនឹងសន្តិភាព និងការបង្រួបបង្រួមឧបទ្វីបកូរ៉េផងដែរ៕ ដោយ ៖ ថេត វិចិត្រ















