ប្រដាល់សកល នឹងបញ្ជូនកីឡាករ ៩រូបទៅហាត់ នៅថៃដើម្បីពង្រឹងសមត្ថភាព ត្រៀមស៊ីហ្គេម២០២៣

ពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នឹងបញ្ជូនកីឡាករ ចំនួន ៩រូប ទៅហាត់នៅថៃ ដើម្បីត្រៀមខ្លួនសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានឲ្យដឹងថា តាមគម្រោងសហព័ន្ធនឹងបញ្ជូនកីឡាករដែលកំពុងហ្វឹកហាត់ទាំងអស់ ១២នាក់ ទៅហាត់នៅថៃ រយៈពេល២សប្ដាហ៍។ ប៉ុន្តែ ដោយសារមានកីឡាករ ៣រូប ដែលមិនមានលិខិតឆ្លងដែន ទើបត្រូវកែប្រែមកបញ្ជូនចំនួន ៩នាក់វិញ ហើយការហ្វឹកហាត់នេះ គឺហាត់ជាមួយក្រុមកីឡាករជម្រើសជាតិថៃតែម្ដង។ ក្រៅពីកីឡាករ ៩រូប ក៏មានគ្រូបង្វឹក ២រូប ចូលរួមធ្វើដំណើរទៅជាមួយផងដែរ។

អគ្គលេខាធិការខាងលើ បានគូសបញ្ជាក់ថា «ទាក់ទងរឿងកីឡាករយើងមានរៀបចំ១២នាក់ សម្រាប់ការត្រៀមក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ បន្ថែមលើសពីនេះ យើងក៏មានកូនខ្មែរ-វៀតណាមម្នាក់ ដែលកំពុងហាត់នៅវៀតណាម និងកូនខ្មែរ-ថៃ ដែលកំពុងហាត់នៅថៃម្នាក់ផងដែរ។… ទាក់ទងរឿងគ្រូបង្វឹក យើងក៏កំពុងស្នើសុំទៅកាន់ CAMSOC ដើម្បីយកគ្រូមកពីក្រៅប្រទេសបន្ថែម ហើយរឿងទៅហាត់នៅក្រៅប្រទេស ពាក់កណ្ដាលខែ៧នេះ យើងនឹងបញ្ជូនកីឡាករជម្រើសជាតិយើងទៅហាត់នៅ ថៃ ដើម្បីហ្វឹកហាត់ជាមួយកីឡាករជម្រើសជាតិថៃ ក៏ដូចជាហាត់ជាមួយប្រទេសដទៃផ្សេងទៀតនៅទីនោះ»។

លោកបន្ថែមថា ទាក់ទងការហ្វឹកហាត់វិញ បច្ចុប្បន្នក្រុមកីឡាករ បានត្រឡប់មកហាត់ក្នុងពហុកីឡដ្ឋានអូឡាំពិកវិញហើយ ប៉ុន្តែមិនទាន់បានចូលក្នុងមជ្ឈមណ្ឌលហ្វឹកហាត់ទេ ពោលនៅខាងមុខមជ្ឈមណ្ឌលតែម្ដង ដោយសារខាងក្រុមគ្រូពេទ្យមិនទាន់រើឥវ៉ាន់ ដែលដាក់បរិក្ខារពេទ្យព្យាបាលកូវីដ-១៩ ចេញពីមជ្ឈមណ្ឌល ដូច្នេះត្រូវរង់ចាំសិន៕អត្ថបទៈជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner