ពិធីបើក-បិទកីឡាស៊ីហ្គេម គឺជាឱកាសបង្ហាញសក្តានុពលវប្បធម៌ អរិយធម៌ និងឥទ្ធិលម្ចាស់ផ្ទះកម្ពុជាទៅកាន់ឆាកអន្តរជាតិ

ពិធីបើក-បិទនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ គឺជាឱកាសបង្ហាញពីសក្តានុពលវប្បធម៌ អរិយធម៌ដ៏រុងរឿងរបស់ជាតិ ហើយក៏ជាការបង្ហាញពីឥទ្ធិពលរបស់ម្ចាស់ផ្ទះកម្ពុជាទៅកាន់ឆាកអន្តរជាតិដែរ។ នេះជាការលើកឡើងរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្តាហ៍ នៅល្ងាចថ្ងៃទី៥ខែកក្កដានេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC ស្តីពីកិច្ចពិភាក្សាការងាររៀបចំពិធីបើកបិទការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

ប្រតិបត្តិករកីឡារូបនេះគូសបញ្ជាក់ទៀតថា តាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត ថោង ខុន បានលើកឡើងថា វប្បធម៌ អរិយធម៌ខ្មែរ បូកជាមួយនឹងការរៀបចំបច្ចេកវិទ្យាទៀតនោះ វានឹងបង្ហាញពីភាពអស្ចារ្យ។ ដូច្នេះទស្សនទាននៃខ្លឹមសារទាំងអស់នេះ គឺខាងវប្បធម៌ និងភាគីចិនបានឯកភាពគ្នា ក្នុងការបន្ថែមនូវគុណតម្លៃបច្ចេកវិទ្យាទៅលើផ្ទាំងទស្សនីយភាពវប្បធម៌របស់យើង ក្នុងពេលពិធីបើក។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា អ្វីដែលជាគោលការណ៍សំខាន់ ក្នុងកិច្ចប្រជុំថ្ងៃនេះ គឺឯកឧត្តមបណ្ឌិតប្រធានអង្គប្រជុំ និងខាងជំនាញវប្បធម៌ រួមទាំងខាងភាគីជំនាញចិនបានពិភាក្សាគ្នាក្នុងភាពស៊ីជម្រៅលើនីតិវិធីនៃទស្សនីយភាពនីមួយៗរួចរាល់អស់ហើយ។ យើងនឹងធ្វើកិច្ចការងារទាំងនេះឲ្យបានល្អប្រសើរបន្ថែមទៀត ដោយធ្វើយ៉ាងណាធ្វើឲ្យមានសុខដុមនីយកម្មជាមួយគ្នា និងបើកចំហរបេះដូង ក្នុងការពង្រឹងដំណើការការងារនេះទាំងអស់គ្នា ជាពិសេសជំរុញឲ្យគ្រោងឆ្អឹងនៃពិធីបើក-បិទដំណើរការដោយរលូន និងទាន់ពេលវេលា។

បន្ថែមពីលើនេះ ឯកឧត្តមអគ្គលេខាធិការបានអះអាងទៀតថា ក្រោមម្លប់នៃការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ថោង ខុន និងក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC បានធ្វើឲ្យអ្នកជំនាញទាំងអស់គ្នាមានភាពកក់ក្តៅ និងជំរុញកិច្ចការទាំងអស់នេះបានលេចចេញជារូបរាងឡើងជាបន្តបន្ទាប់។ «ដូច្នេះចាប់ពីពេលនេះរហូតដល់កម្មវិធីបើកស៊ីហ្គេម ជាផ្លូវការ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ គឺគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ត្រូវតែរត់ មិនអាចដើរបាននោះឡើយ ដើម្បីឆ្ពោះទៅរកការរៀបចំរួមគ្នាមួយឲ្យបានគត់មត់ និងជាក់លាក់បំផុត។ ក្នុងជំហរដ៏មោះមុតមួយនេះ គឺយើងរួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ដើម្បីធ្វើឲ្យសម្រេចនូវជោគជ័យនៃព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា៕អត្ថបទៈជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner