ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាល ជាមួយប្រតិភូ កីឡាប៉ារ៉ាឡាំពិកកម្ពុជាមុនចេញទៅចូលរួមព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នៅប្រទេសឥណ្ឌូនេស៊ី

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវអនុសាសន៍មួយចំនួនជូនដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។

ការប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេម ដែលជាការប្រកួត រវាងកីឡាករ កីឡាការិនី ជាជនពិការក្នុងចំណោមប្រទេសសមាជិក អាស៊ាន ត្រូវបានធ្វើឡើងជាទៀងទាត់រៀងរាល់២ឆ្នាំម្តង។ ការប្រកួតបានធ្វើចំនួន១០លើក រួចមកហើយ។ ប៉ុន្តែនៅឆ្នាំ២០១៩ ការប្រកួតដែលគ្រោងធ្វើឡើងនៅប្រទេសហ្វីលីពិន ត្រូវបានខកខាន ដោយសារតែវិបត្តិជំងឺកូវីដ១៩។

ដោយឡែកការប្រកួតលើកទី១១ នេះ តាមពិតត្រូវធ្វើនៅប្រទេស វៀតណាម តែវៀតណាមសុំលើកពេលក្រោមហេតុផល វិបត្តិជំងឺ កូវីដ១៩ ទើបលើកទៅរៀបចំនៅប្រទេសឥណ្ឌូនេស៊ីជំនួសវិញ។

ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិក កម្ពុជា បានឲ្យដឹងថា ក្នុងព្រឹត្តិការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើក ទី១១ នេះ កម្ពុជាបញ្ជូនប្រតិភូកីឡាចូលរួមសរុប ១៦៦នាក់។ ក្នុងនោះមាន អត្តពលិក ១១៥នាក់ និងប្រតិភូកីឡា គ្រូបង្វឹក គ្រូជំនួយចំនួន ៣៩នាក់ មន្ត្រីបច្ចេកទេសចំនួន ៧នាក់ និងប្រតិភូជាតិចំនួន ៥នាក់។ កម្ពុជា បញ្ជូនអត្តពលិកចូលរួមប្រកួតលើប្រភេទកីឡាចំនួន១១កីឡា រួមមាន៖ វាយកូនឃ្លីលើតុ លើកទម្ងន់ អត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរសនារី បាល់បោះជនពិការភ្នែក បាល់ទាត់៧ម្ខាង បាល់បោះជិះរទេះបុរសនារី បូស្យា វាយសី និងអុក។

ប្រតិភូកីឡាប៉ារ៉ាហ្គេមកម្ពុជា នឹងចេញដំណើរនៅថ្ងៃទី២៤ កក្កដា ខាងមុខក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានចាត់តាំងឯកឧត្តម ហ៊ុន ម៉ានី ជាអ្នកដឹកនាំប្រតិភូទៅចូលរួមការប្រកួតនៅឥណ្ឌូនេស៊ី។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុក ដាក់ខ្ពស់លើវិស័យកីឡា ហើយតែងតែផ្តល់កិត្តិយសជួបសំណេះ សំណាលជាមួយប្រតិភូកីឡាកម្ពុជាមុននឹងចេញទៅចូលរួមប្រកួតនូវព្រឹត្តិការណ៍នានា។ តាមរយៈជំនួបសំណេះសំណាលនេះ ប្រមុខរាជរដ្ឋាភិបាល តែងតែផ្តល់នូវការណែនាំ និងដំបូន្មានផ្សេងៗ ដើម្បីរក្សានូវកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កម្ពុជា ក៏ដូជាប្រតិភូកីឡា។

សូមបញ្ជាក់ថា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៩៧ ដោយមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន។ គណៈកម្មាធិការប៉ារ៉ាឡាំពិកកម្ពុជា ជាំសមាជិកពេញសិទ្ធិនៃគណៈកម្មាធិការប៉រ៉ាឡាំពិកអន្តរជាតិ (IPC) សមាជិកពេញសិទ្ធិនៃគណៈកម្មាធិការប៉ារ៉ាឡាំពិកអាស៊ី និងជាសមាជិកស្ថាបនិក និងពេញសិទ្ធិ នៃសហព័ន្ធកីឡាពិការអាស៊ាន។
ក្នុងព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី៩ នៅប្រទេសម៉ាឡេស៊ី កម្ពុជាដណ្តើមបានមេដាសរុប ១០គ្រឿង ប្រាក់៥ និង៥សំរិទ្ធ៕
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner