អភិបាលខេត្តព្រះសីហនុ ៖ ទោះមកពីគណបក្សនយោបាយផ្សេងគ្នាក៏ដោយ ត្រូវប្រកាន់គោលជំហរ សាមគ្គីភាព និងឯកភាពជាតិ ដោយត្រូវរួមគ្នាខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឲ្យល្អប្រសើរ

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពប្រធានក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សា សង្កាត់ នៃសង្កាត់លេខ១ អាណត្តិទី៥ ឆ្នាំ២០២២។

ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានប្រព្រឹត្តិទៅថ្ងៃទី៥ ខែមិថុនា ២០២២ នៅសង្កាត់ទី១ មានអសនៈសរុបចំនួន ១១ ។ គណបក្សប្រជាជនកម្ពុជា ទទួលបាន ០៩អសនៈ ដោយទទួលបានតំណែងជាប្រធានក្រុមប្រឹក្សាសង្កាត់ ជាចៅសង្កាត់ ចៅសង្កាត់រងទី១ និងសមាជិកក្រុមប្រឹក្សាចំនួន៨ អាសនៈ ។ គណបក្សភ្លើងទៀន មាន០២អសនៈ ទទួលបានតំណែងជាចៅសង្កាត់រងទី២ និងសមាជិកក្រុមប្រឹក្សាចំនួន ១អាសនៈ ។

ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា សង្កាត់លេខ១ មានសមាជិកក្រុមប្រឹក្សាមកពីគណបក្សចំនួនពីរ តែទោះបីមកពីគណបក្សនយោបាយផ្សេងគ្នា ប៉ុន្តែសមាជិកក្រុមប្រឹក្សា សង្កាត់ថ្មីគ្រប់រូប ត្រូវប្រកាន់គោលជំហរ សាមគ្គីភាព និងឯកភាពជាតិ ត្រូវរួមគ្នាខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឲ្យល្អប្រសើរ និងបន្តកសាងអភិវឌ្ឍនៅមូលដ្ឋានឲ្យកាន់តែរីកចម្រើននិងត្រូវបំពេញទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ប្រកបដោយការទទួលខុសត្រូវ សំដៅចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ៕ ខៀវ សាវ៉ុន

ads banner