អគ្គលេខាធិការ អង្គការប្រទេសនាំចេញប្រេង អូប៉ិច ទទួលមរណភាព

នីហ្សេរីយ៉ា៖អគ្គលេខាធិការនៃអង្គការប្រទេសនាំចេញប្រេង អូប៉ិច (OPEC) គឺ លោក Mohammad Barkindo បានទទួលមរណភាព ហើយ នៅអាយុ៦៣ឆ្នាំ នាថ្ងៃទី៦ កក្កដា ២០២២។ នេះបើតាម នាយកប្រតិបត្តិការ ក្រុមហ៊ុនប្រេងរដ្ឋនីហ្សេរីយ៉ា។

លោក Mele Kyari នាយកប្រតិបត្តិការក្រុមហ៊ុនប្រេងរដ្ឋនីហ្សេរីយ៉ា បានប្រកាសពីដំណឹងមរណភាពនោះ តាមរយៈប្រព័ន្ធ Twitter ដោយលើកឡើងយ៉ាងដូច្នេះថា «យើងបានបាត់បង់លោក ម៉ូហាំម៉ាត់ សានូស៉ី បាគីនដូ ជាទីគោរពហើយ កាលពីវេលាម៉ោងខ្ទង់១១យប់ ថ្ងៃអង្គារសប្តាហ៍នេះ។

វាគឺជាការបាត់បង់ដ៏ធំធេងមួួយសម្រាប់គ្រួសារសពផ្ទាល់ ក៏ដូចជា ចំពោះ NNPC, ចំពោះប្រទេសរបស់យើង ព្រមទាំងចំពោះអង្គការ OPEC និងសហគមន៍វិស័យថាមពលទូទាំងសកលលោក»។

លោក Barkindo ជនជាតិនីហ្សេរីយ៉ា ត្រូវបានតែងតាំងជា អគ្គលេខាធិការនៃអង្គការ OPEC កាលពីឆ្នាំ២០១៦។ លោកគឺ ជាជនជាតិនីហ្សេរីយ៉ាទី៤ ដែលបានកាន់តួនាទីជាប្រមុខ OPEC ហើយលោកក៏ជាអគ្គលេខាធិការនៃអង្គការប្រទេស នាំចេញប្រេង អូប៉ិច ទី២៨។

គួរបញ្ជាក់ថា OPEC គឺជាអង្គការនៃបណ្តាប្រទេសនាំចេញប្រេង ដែលមាន សមាជិក ១៣ ប្រទេស ហើយអង្គការអន្តររដ្ឋាភិបាលនេះ ត្រូវបានបង្កើតឡើង តាំងពីឆ្នាំ១៩៦០៕ ដោយ៖សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner