អភិបាលខេត្តបាត់ដំបង ណែនាំក្រុមប្រឹក្សាសង្កាត់អូរចារ អាណត្តិថ្មី ទោះមកពីគណបក្សនយោបាយផ្សេងគ្នាត្រូវខិតខំរួមគ្នាក្នុងការបម្រើពលរដ្ឋឲ្យបានល្អ និងឆ្លើយតបពីតម្រូវការ នៅក្នុងមូលដ្ឋានខ្លួន

ខេត្តបាត់ដំបង៖ នៅក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់អូរចារ ក្រុង-ខេត្តបាត់ដំបង អាណត្តិទី៥ នៅ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងណែនាំដល់សមាជិកក្រុមប្រឹក្សាសង្កាត់អូរចារ ក្រុងបាត់ដំបង ដែលមានសមាសភាពមកពីគណបក្សនយោបាយផ្សេងគ្នា ត្រូវខិតខំរួបរួមគ្នាអភិវឌ្ឍន៍មូលដ្ឋាន របស់ខ្លួន និងត្រូវបម្រើប្រជាពលរដ្ឋដោយស្មើភាព យុត្តិធម៌ និងមិនត្រូវប្រកាន់នូវនិន្នាការនយោបាយអ្វីនោះឡើយ ។

ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានកោតសរសើរ និងសាទរចំពោះសមាជិកក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ ចៅសង្កាត់ ចៅសង្កាត់រងទាំងអស់ ដែលទទួលបាននូវការគាំទ្រនិងស្រឡាញ់ពេញចិត្ត ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងសង្កាត់របស់ខ្លួន តាមរយៈនៃការបោះឆ្នោត នាពេលកន្លងមកនេះ ដើម្បីបន្តការដឹកនាំសង្កាត់អូរចារពីក្រុមប្រឹក្សាសង្កាត់អាណត្តិទី៤ចាស់ ដែលត្រូវបញ្ចប់សុពលភាព ដើម្បីបន្តការដឹកនាំឱ្យមានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យបន្ថែមទៀត ។

ឯកឧត្តម សុខ លូ បន្តថា ការងារអភិបាលកិច្ចល្អ គឺតម្រូវឱ្យក្រុមប្រឹក្សាឃុំ-សង្កាត់ ធ្វើជាតំណាងឱ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋាន ដូចនេះក្រុមប្រឹក្សានីមួយៗ ក៏ត្រូវមានតួនាទី និងភារកិច្ចចំពោះមុខ ក្នុងការការឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍ ការលើកកម្ពស់គុណភាព ជីវភាពរស់នៅ ការផ្ដល់សេវាសង្គម ការផ្តល់និងឆ្លើយតបពីសេវាសំណូមពរ ឲ្យបានសមស្របដើម្បីការកសាងពង្រឹងពង្រីកនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសាធារណៈដែលសំខាន់ចាំបាច់ ឱ្យបានកាន់តែប្រសើរឡើងប្រកបដោយសមធម៌ និងបរិយាប័ន្ន មានចីរភាព រួមចំណែកក្នុការកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ខ្លួន។

លោក ឯម សុផល ជាចៅសង្កាត់និងជាប្រធានក្រុមប្រឹក្សាសង្កាត់អូរចារ អាណត្តិថ្មី បានធ្វើការប្ដេជ្ញាចិត្ត ក្នុងការខិតខំបម្រើផលប្រយោជន៍សាធារណៈក្នុងមូលដ្ឋាន និង ផលប្រយោជន៍រួម របស់បងប្អូនប្រជាពលរដ្ឋ ឲ្យបានសមស្រប ឆ្លើយតបពីតម្រូវការជាក់ស្តែង និងបញ្ហាប្រឈមនានា និងខិតខំប្តេជ្ញាពង្រឹងនីតិរដ្ឋ ពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងស្ថេរភាពសង្គមក្នុងមូលដ្ឋាន ៕ អ៊ុក សំអាន

ads banner