កាកបាទក្រហមកម្ពុជា មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងវិស័យឯកជន រៀបចំយុទ្ធនាការបរិច្ចាគឈាម សង្គ្រោះជីវិត ដើម្បីជំរុញឱ្យមានការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត បានកាន់ច្រើនឡើង
ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងក្រុមហ៊ុនសម្រស់ធម្មជាតិ រៀបចំយុទ្ធនាការបរិច្ចាគឈាមសង្គ្រោះជីវិត នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា, លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងលោកស្រី នួន ស៊ុន្ទរី អគ្គនាយិកាក្រុមហ៊ុនសម្រស់ធម្មជាតិ ព្រមទាំងអញ្ជើញចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តពីតំណាងចែកចាយរបស់ក្រុមហ៊ុនសម្រស់ធម្មជាតិ និងមន្ត្រី-បុគ្គលិក អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ព្រមទាំងប្រជាពលរដ្ឋប្រមាណ ១៥០០នាក់ ក្នុងន័យដើម្បីជំរុញចលនាយុវជនចូលរួមបង្កើនអត្រាបរិច្ចាគឈាមដោយស្ម័គ្រចិត្តឱ្យបានកាន់ច្រើនឡើង និងរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ប្រកបដោយសុឆន្ទៈក្នុងការជួយសង្គ្រោះអាយុជីវិតមនុស្ស ។
លោកស្រី នួន ស៊ុន្ទរី បានថ្លែងដោយក្តីរីករាយ ដែលបានចូលរួមក្នុងសកម្មភាពមនុស្សធម៌នាថ្ងៃនេះ ដើម្បីជំរុញអត្រានៃការបរិច្ចាគឈាមនៅក្នុងប្រទេសយើងកាន់តែមានកំណើនជាងមុន។ ទន្ទឹមនឹងនេះ លោកស្រី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ធ្វើជាទីតាំងប្រារព្ធយុទ្ធនាការនេះ។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានឱ្យដឹងថា តាមមន្ទីរពេទ្យរដ្ឋក្នុងរាជធានីភ្នំពេញ មានតម្រូវការឈាម ក្នុងមួយថ្ងៃប្រមាណ២៥០ប្លោក ដើម្បីយកទៅជួយសង្រ្គោះអាយុជីវិតជនរងគ្រោះ ដែលត្រូវការឈាមជាចំាបាច់។ លោកវេជ្ជបណ្ឌិត បន្តថា តម្រូវការឈាមមានការកើនឡើងជារៀងរាល់ឆ្នាំ ក្នុងរង្វង់២០ភាគរយ ដោយយ៉ាងហោចណាស់ ត្រូវការផ្គត់ផ្គង់ឱ្យបានជាង១០ម៉ឺនប្លោក ក្នុងមួយឆ្នាំ ទើបអាចបំពេញការខ្វះខាត។
លោកវេជ្ជបណ្ឌិត បានបន្តថា យុទ្ធនាការបរិច្ចាគឈាមសង្គ្រោះជីវិតថ្ងៃនេះ គឺជាប្រធានបទដ៏មានអត្ថន័យសម្រាប់យើងទាំងអស់គ្នា និងមានគោលបំណងសំខាន់២គឺ ៖ ទី១. បង្កើតទម្លាប់និងវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងជំរុញលើកកម្ពស់យុវជន ប្រជាជនទូទៅ ចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្តល់ឈាម នៅទូទាំងប្រទេស ដើម្បីធានាឱ្យមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺ ដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ដោយគ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍ ឬសាសនាអ្វីឡើយ, ទី២-ផ្សារភ្ជាប់សកម្មភាពនៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ទៅនឹងសកម្មភាពមនុស្សធម៌ដ៏ប្រពៃក្នុងសង្គម។
លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអ្នកដែលបានស្ម័គ្រចិត្តបរិច្ចាគឈាមទាំងអស់ ដែលនេះបានបង្ហាញពីទឹកចិត្តមនុស្សធម៌ក្នុងការជួយសង្គ្រោះដល់អាយុជីវិតរបស់អ្នកជំងឺ ឬអ្នករងគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗដែលត្រូវការឈាមជាបន្ទាន់។
ចំណែកឯ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា មានប្រសាសន៍ដែរថា សម្រាប់កាកបាទក្រហមកម្ពុជា នៅពេលដែលឃើញការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋមកធ្វើការបរិច្ចាកឈាមច្រើននាពេលនេះ ជាសញ្ញាមួយបង្ហាញឲ្យឃើញថា -ការផ្សព្វផ្សាយបានទូលំទូលាយ, កំណើននៃការយល់ដឹងអំពីសារសំខាន់ និងអត្ថប្រយោជន៍នៃការបរិច្ចាគឈាមនេះ ។
សូមបញ្ជាក់ថា យុទ្ធនាការខាងលើនេះ ទទួលបានការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុនសម្រស់ធម្មជាតិ ដោយសម្រាប់អ្នកស្ម័គ្រចិត្តបរិច្ចាគឈាមនាពេលនេះ បានទទួលកាដូអនុស្សាវរីយ៍ ១កន្ត្រក ពីក្រុមហ៊ុនផងដែរ ៕ ដោយ គ្រី សម្បត្តិ