គួរឲ្យសង្វេគណាស់ ប្ដីស្លាប់ចោលប្រពន្ធកូន បន្ទាប់ពីជិះម៉ូតូទៅទិញម្ហូបបែជាជួបគ្រោះថ្នាក់ចរាចរណ៍នៅលើវិថីចោមចៅ
ភ្នំពេញ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូបុកជាមួយម៉ូតូ បណ្ដាលឲ្យបុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុ និងបុរសម្នាក់ទៀតបានរងរបួសធ្ងន់ កាលពីវេលាម៉ោង១១និង ១០នាទីយប់ថ្ងៃទី៦ ខែកក្កដាឆ្នាំ ២០២២ នៅត្រង់ចំណុចមុខក្លឹប អ៊ុច ហ្សូម តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ យន ចិន ភេទប្រុស ប្រុសអាយុ ៣៩ឆ្នាំ មុខរបរនៅផ្ទះមើលកូន ស្នាក់នៅបន្ទប់ជួលមួយកន្លែងខាងក្រោយវត្តគោកបញ្ជាន់ ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅស្រុកអង្គរជ័យខេត្តកំពត ។ ចំណែកភាគីម្ខាងរងរបួសធ្ងន់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូ ម៉ាក់ SUZUKI AXELO ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BI-4175ធ្វើដំណើរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃត្រឡប់ក្រោយវិញ ដោយខ្វះការប្រុងប្រយ័ត្ន ខណៈនោះក៏មានម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1JG-2136ជិះដោយបុរសម្នាក់បញ្ច្រាសទិសដៅគ្នាពីកើតទៅលិច បុកពេញទំហឹងបណ្ដាលឲ្យ បុរសដែលជិះម៉ូតូ SUZUKI ដួលបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ចំណែកខាងភាគីខាងម៉ូតូឌ្រីមសង់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
តាមសម្ដីប្រពន្ធជនរងគ្រោះបានប្រាប់ឲ្យដឹងថា សព្វថ្ងៃរូបគាត់នឹងប្ដីរួមនិងកូនប្រុសស្រីតូចៗចំនួនពីរនាក់ទៀត បានមកស្នាក់នៅបន្ទប់ជួលជាមួយគ្នា ដោយប្តីរបស់គាត់មិនទាន់រកការងាធ្វើបាន ហេតុនេះទើបរូបគាត់ឲ្យប្ដីនៅមើលថែកូនសិន ទម្រាំរកការងារធ្វើបាន ចំណែករូបគាត់ធ្វើការនៅរោងចក្រ ហើយមុនកើតហេតុរូបគាត់បានឲ្យជិះម៉ូតូទៅទិញម្ហូប ដើម្បីយកមកហូបបាយជាមួយប្រពន្ធនិងកូន លុះទៅបាត់មួយសន្ទុះ ស្រាប់តែមានគេខលមកប្រាប់ថា ប្តីរបស់ខ្ញុំបានស្លាប់បាត់បង់ជីវិតទៅហើយដោយជួបគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់មកគាត់ក៏បានទៅមើលឃើញប្ដីរបស់គាត់បានស្លាប់បាត់បង់ជីវិតទៅហើយ រួចក៏មានការតក់ស្លុតនិងរន្ធត់ចិត្តយ៉ាងខ្លាំងមិនអាចទទួលយកបា០ននោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ដោយឡែកជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ ជីម ភារ៉ា