ឈ្លោះប្រកែកគ្នារឿងលុយ ២០០ដុល្លារ ធ្វើឲ្យជនដៃដល់ទាញដែកឆាបចាក់ជនរងគ្រោះចំដើមទ្រូង បណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ រួចជនបង្កគេចខ្លួនបាត់
ភ្នំពេញ ៖ បុរសម្នាក់បានដើរទៅទាលុយពីកូនបំណុលចំនួន២០០ដុល្លារ មិនបាន ក៏ឈ្លោះប្រកែក ហើយប្រតាយប្រតប់គ្នាមួយប្រាវត្រូវបានកូនបំណុលទាញដែលឆាបចាក់ចំដើមទ្រូងបណ្ដាលឲ្យរបួសធ្ងន់ធ្ងរ រួចក៏ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន កាលពីវេលាម៉ោង១០យប់ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្សារសហគមន៍បុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
បើតាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា បុរសរងគ្រោះមានវ័យជាង ៤០ឆ្នាំ រីឯជនបង្កមានវ័យជាង ២០ឆ្នាំ អ្នកទាំងពីរស្គាល់គ្នា និងរស់នៅកន្លែងកើតហេតុ តែអាគារខុសគ្នា ។តាមប្រភពដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុនោះ គេឃើញបុរសជាជនរងគ្រោះមានវ័យជាង ៤០ឆ្នាំ បានដើរទៅទាលុយពីជនបង្ក តែជនបង្កមិនមានលុយ ទើបមានការឈ្លោះប្រកែកគ្នា និងប្រតាយប្រតប់គ្នាមួយប្រាវ ធ្វើឲ្យកូនបំណុលដែលជាជនបង្កទាញដែកឆាបចាក់ទៅលើជនរងគ្រោះចំដើមទ្រូង បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ភ្លាមៗជនបង្កក៏គេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុ ប្រជាពលរដ្ឋដែលរស់នៅជិតខាងបានទាក់ទងសមត្ថកិច្ចមូលដ្ឋាន និងរថយន្តសង្គ្រោះបន្ទាន់ឲ្យមកដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត តែជាអកុស ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានពិនិត្យមើលស្ថានភាពកន្លែងកើតហេតុ រួចចេញទៅវិញបាត់អស់ ។ រីឯសពជនរងគ្រោះត្រូវក្រុមគ្រូពេទ្យដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ ជីម ភារ៉ា