អភិបាលខេត្តកំពត ៖ ក្រុមប្រឹក្សាឃុំ សង្កាត់ដែលបានជាប់ឆ្នោតនៅក្នុងអាណត្តិទី៥នេះ ត្រូវបន្ដនិរន្ដរភាពនៃការដឹកនាំគ្រប់គ្រង និងអភិវឌ្ឍន៍នៅមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែល្អប្រសើរថែមទៀត
កំពត ៖ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត មានប្រសាសន៍ថា ក្រុមប្រឹក្សាឃុំ សង្កាត់ដែលបានជាប់ឆ្នោតនៅក្នុងអាណត្តិទី៥នេះ ត្រូវបន្ដនិរន្ដរភាពនៃការដឹកនាំគ្រប់គ្រង និងអភិវឌ្ឍន៍នៅមូលដ្ឋានរបស់ខ្លួន បន្តពីក្រុមប្រឹក្សាឃុំ អាណត្ដិចាស់ សំដៅធានាឱ្យមាននិរន្ដរភាពក្នុងកិច្ចការរដ្ឋបាល និងការផ្ដល់សេវា ព្រមទាំងការអភិវឌ្ឍនៅមូលដ្ឋានឱ្យកាន់តែទទួលបានជោគជ័យបន្ថែមទៀត ។
ឯកឧត្តម បណ្ឌិត ម៉ៅធនិន មានប្រសាសន៍បែបនេះ ក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ ត្រពាំងភ្លាំង អាណត្តិទី៥ នៃស្រុកឈូក ខេត្តកំពត កាលពីរសៀលថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២២។
ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន បន្តថា ចាប់តាំងពីឆ្នាំ២០០២ ព្រះរាជាណាចក្រកម្ពុជាយើងបានដំណើរការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សសរុបចំនួន ០៥លើករួចមកហើយ។
ជារួម ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២កន្លងមក ក៏ត្រូវបានវាយតម្លៃថាមានលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា ហើយលទ្ធផលនៃការបោះឆ្នោតក៏ត្រូវបានទទួលស្គាល់ពីគណបក្សនយោបាយនានាដែលបានចូលរួមក្នុងការបោះឆ្នោតនេះផងដែរ។
គណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ សង្កាត់អាណត្តិទី៥នេះ មានចំនួន ១៧គណបក្ស។ យោងតាមការប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ របស់ គ.ជ.ប ក្នុងចំណោមឃុំ សង្កាត់នៅទូទាំងប្រទេសចំនួន១៦៥២ ដែលមានអាសនៈសរុបចំនួន ១១.៦២២ មានតែគណបក្សនយោបាយចំនួន៩ តែប៉ុណ្ណោះដែលបានទទួលអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងអាណត្តិទី៥នេះ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្នាក់ឃុំ សង្កាត់ គឺជាការជំរុញកិច្ចដំណើរការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកំណែទម្រង់នេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់អភិបាលកិច្ចនៅថ្នាក់ឃុំ សង្កាត់ តាមគោលការណ៍អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន ៕ Sila Sarin