ប្រធានាធិបតីកូរ៉េខាងត្បូង៖ ការបង្កហេតុដោយកូរ៉េខាងជើង នឹងត្រូវ ទទួលទោស

សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន សុកយ៉ុល បានបញ្ជា ឱ្យយោធារបស់ប្រទេសខ្លួនដាក់ទណ្ឌកម្មយ៉ាងឆាប់រហ័ស និងយ៉ាង ម៉ឺងម៉ាត់បំផុត ទៅលើកូរ៉េខាងជើង ប្រសិនបើទីក្រុងព្យុងយ៉ាងអនុវត្ត ការបង្កហេតុណាមួយ។

លោក យូន បានចេញសេចក្តីណែនាំខាងលើនេះ នៅថ្ងៃពុធ សប្តាហ៍ នេះ នៅឯកិច្ចប្រជុំជាមួយមេបញ្ជាការកំពូលៗនៅទីបញ្ជាការយោធា។ ជាមួយគ្នានេះ លោក យូន បានសង្កត់ធ្ងន់ពីជំហរម៉ឺងម៉ាត់ប្រឆាំងនឹង ការអភិវឌ្ឍនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ដោយនិយាយថា ការគំរាមកំហែងកំពុងកើនឡើង។

បន្ថែមលើនេះ លោក យូន ក៏បានបញ្ជាឱ្យបង្កើនសមត្ថភាពទប់ស្កាត់ ស្របតាមសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូងជាមួយសហរដ្ឋអាមេរិក ក៏ដូច ជាការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពស្ទាក់ចាប់មីស៊ីល និងការវាយ ប្រហារតបតវិញផងដែរ។

ក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះ អំពីការមកដល់នៃយន្តហោះចម្បាំងបំបាំងកាយ F-35A ចំនួន ៦គ្រឿងមកពីកងទ័ពអាកាសអាមេរិកទៅកាន់ឧបទ្វីបកូរ៉េ។
ក្រសួងបាននិយាយថា យន្តហោះទាំងនេះនឹងចូលរួមសមយុទ្ធជាមួយ កងទ័ពអាកាសកូរ៉េខាងត្បូង រហូតដល់ថ្ងៃទី១៤ ខែកក្កដា។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបញ្ជាក់ថា វាគឺជាការដាក់ពង្រាយ យន្តហោះចម្បាំង F-35 របស់អាមេរិកជាលើកដំបូងទៅកាន់ឧប ទ្វីប កូរ៉េចាប់តាំងពីឆ្នាំ ២០១៧ នៅពេលដែលកូរ៉េខាងជើងបាន ធ្វើតេស្ត នុយក្លេអ៊ែរលើកទី៦។ ទង្វើនេះហាក់ដូចជាការព្រមានដ៏ខ្លាំងក្លាមួយដល់កូរ៉េខាងជើង ដែលហាក់ដូចជាកំពុងរៀបចំធ្វើតេស្តនុយក្លេអ៊ែរមួយផ្សេងទៀត៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner