អភិបាលរងខេត្តកណ្ដាល ផ្ដាំផ្ញើសមាជិកក្រុមប្រឹក្សាឃុំថ្មី ចំនួនបួន នៅស្រុកកណ្តាលស្ទឹង
កណ្ដាល៖ អភិបាលរងខេត្តកណ្ដាល បានផ្ដាំផ្ញើសមាជិក ក្រុមប្រឹក្សា ឃុំថ្មី នៃឃុំចំនួនបួនក្នុងស្រុកកណ្ដាលស្ទឹង ត្រូវខិតខំបម្រើប្រជាពលរដ្ឋ ទាំងអស់ ដោយស្មើភាពយុត្តិធម៌និងមិនត្រូវប្រកាន់និន្នាការនយោបាយ ឡើយ។ ការផ្ដាំផ្ញើដូចនេះ ក្នុងឱកាសដែលអភិបាលរងខេត្តកណ្តាល ចំនួនបួនរូបអញ្ជើញចូលរួមប្រកាសសុពលភាពក្រុមប្រឹក្សាឃុំអាណត្តិទី៥ នៃរដ្ឋបាលឃុំចំនួន៤ ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ។
ក្នុងឱកាសនេះ លោក លោកស្រីអភិបាលរងខេត្ត បានផ្ដាំផ្ញើថា ក្នុង នាម ជាសមាជិកក្រុមប្រឹក្សាដែលបានជាប់ឆ្នោត ទោះបីមាន សមាស ភាព មកពីគណបក្សនយោបាយតែមួយ ឬគណបក្សនយោបាយ ផ្សេងៗ គ្នាក៏ដោយ តាមគោលការណ៍ច្បាប់ ក្រុមប្រឹក្សា គឺជាតំណាង ជាអ្នក បម្រើឱ្យប្រជាពលរដ្ឋក្នុងឃុំទាំងមូល។ ដូច្នេះនៅក្នុងអាណត្តិ ការងារ៥ឆ្នាំនេះ លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាថ្មី ត្រូវខិត ខំបំពេញតួនាទី ភារកិច្ចក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋាន របស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការជូនប្រជាពលរដ្ឋ និងបម្រើ ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព យុត្តិធម៌ និងមិនត្រូវប្រកាន់ និន្នាការ នយោបាយឡើយ។
ក្រុមប្រឹក្សាឃុំ ដែលបានជាប់ឆ្នោត នៅក្នុងអាណត្តិទី៥នេះ ត្រូវបន្តនិរន្តរភាពនៃការដឹកនាំគ្រប់គ្រង និងអភិវឌ្ឍន៍នៅមូលដ្ឋានក្នុងអាណត្តិ៥ឆ្នាំបន្តទៀត។ ទោះបី ជាក្រុមប្រឹក្សាឃុំថ្មី ពិតមែន ប៉ុន្តែមិនមែនបានសេចក្ដីថា ការងារ គ្រប់គ្រង និងការងារអភិវឌ្ឍន៍មូលដ្ឋាន ដែលក្រុមប្រឹក្សាឃុំអាណត្តិ ចាស់បានអនុវត្តកន្លងមកត្រូវបានបញ្ចប់នោះទេ ពោលគឺក្រុមប្រឹក្សាឃុំ អាណត្តិថ្មី ត្រូវបន្តអនុវត្តការងារគ្រប់គ្រង និងការអភិវឌ្ឍក្នុងមូលដ្ឋាន។
លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានឱ្យដឹងថា៖ សមាជិកក្រុមប្រឹក្សាឃុំ ដែលត្រូវបានប្រកាសនាពេលនេះ មានចំនួន បួនឃុំ គឺឃុំជើងកើប, ឃុំព្រែកស្លែង, ត្រពាំងវែង និងឃុំថ្មី។ក្នុងនោះ មានប្រធានសមាជិកក្រុមប្រឹក្សាឃុំថ្មី ជាមេឃុំចំនួន ៤នាក់ ហើយ សមាជិក ចំនួន ១៦នាក់។ អ្នកទាំង២០រូបនេះ គឺជាបានប្ដេជ្គា ចិត្តបម្រើ ពលរដ្ឋនៅក្នុងមូលដ្ឋានភូមិ-ឃុំទាំងអស់ ៕
ដោយ៖ វណ្ណលុក