រដ្ឋាភិបាលលោក Borish Johnson ធ្លាក់ក្នុងវិបត្តិ ក្រោយរដ្ឋមន្រ្តីសំខាន់ៗ២រូបលាចេញពីដំណែង
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson រងសម្ពាធនយោបាយកាន់តែខ្លាំង ក្រោយរដ្ឋមន្រ្តីកំពូលរបស់រដ្ឋាភិបាលខ្លួន២រូប គឺប្រធានរតនាគារលោក Rishi Sunak និងលេខាធិការក្រសួងសុខាភិបាលលោក Sajid Javid បានប្រកាសលាលែងពីតំណែង ដោយនិយាយថា ពួកគាត់មិនអាចធ្វើការឱ្យរដ្ឋាភិបាលដែលជាប់គាំងក្នុងរឿងអាស្រូវបានទៀតឡើយ។
ការលាលែងនេះធ្វើឡើង ខណៈដែលលោក Johnson បានសុំអភ័យទោសចំពោះអ្វីដែលលោកថាជាកំហុសមួយ ដែលលោកមិនបានដឹងថាអតីតរដ្ឋមន្ត្រីទទួលបន្ទុកវិន័យក្នុងបក្ស (Deputy Chief Whip) លោក Chris Pincher មិនស័ក្តិសមបម្រើការងារក្នុងរដ្ឋាភិបាល ក្រោយមានការចោទប្រកាន់ពីបទប្រើអំណាចបៀតបៀនផ្លូវភេទ ដែលជាភាពអាម៉ាស់ចុងក្រោយបង្អស់របស់រដ្ឋាភិបាលលោក Jonhson។
លោក Javid បាននិយាយថា៖ “នេះជាកិត្តិយសរបស់ខ្ញុំក្នុងការបម្រើក្នុងតួនាទីនេះ ប៉ុន្តែខ្ញុំមិនអាចបន្តទៀតបាននោះទេ។ ការបោះឆ្នោតលើសេចក្ដីទុកចិត្តចំពោះលោក Johnson កាលពីខែមុន “គឺជាពេលវេលាមួយសម្រាប់ទិសដៅថ្មី”។ ប៉ុន្ដែ ខ្ញុំសោកស្តាយដែលត្រូវនិយាយថា ក្រោមការដឹកនាំរបស់លោក Johnson ស្ថានភាពនេះនឹងមិនផ្លាស់ប្តូរឡើយ ដូច្នេះអ្នកក៏បាត់បង់ទំនុកចិត្តរបស់មន្ដ្រីដូចជាខ្ញុំផងដែរ”។
ការលាលែងរបស់អ្នកទាំង២ គឺជាបញ្ហាដ៏ធំមួយសម្រាប់នាយករដ្ឋមន្ត្រី ពីព្រោះពួកគាត់ទទួលបន្ទុកលើបញ្ហាធំបំផុតចំនួន២ ដែលអង់គ្លេសកំពុងប្រឈមមុខ នោះគឺវិបត្តិនៃតម្លៃនៃការរស់នៅ និងផលវិបាកក្រោយកូវីដ។
អស់រយៈពេលជាច្រើនខែមកហើយ ដែលរដ្ឋាភិបាលលោក Johnson ប្រឈមមុខនឹងការរិះគន់ចំពោះការប្រព្រឹត្តរបស់លោក និងរដ្ឋាភិបាលរបស់លោករួមទាំងរាំងអាស្រូវជប់លៀងនៅ Downing Street ក្នុងអំឡុងពេលបិទខ្ទប់ រហូតឈានបោះឆ្នោតទំនុកចិត្តក្នុងសភាកាលពីខែមុន។