សិង្ហបុរីរកឃើញករណីជំងឺអុតស្វាក្នុងស្រុក ជាលើកដំបូង
សិង្ហបុរី ៖ ប្រទេសសិង្ហបុរីបានប្រកាសពីការរកឃើញករណីជំងឺអុតស្វា ក្នុងស្រុក ជាលើកដំបូង។ ក្រសួងសុខាភិបាលថា ជនរងគ្រោះជាជនជាតិម៉ាឡេស៊ី ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅប្រទេសសិង្ហបុរី។ គាត់បានធ្វើតេស្តវិជ្ជមាន កាលពីថ្ងៃទី៦ កក្កដា ២០២២។
ក្រសួងបានបន្ថែមថា អ្នកមានទំនាក់ទំនងជិតស្និទ្ធ នឹងបុរសនោះ ត្រូវបានកំណត់អត្តសញ្ញាណហើយ ដោយពួកគេទាំង ៣នាក់ ត្រូវដាក់ឱ្យនៅដាច់ដោយឡែក ២១ថ្ងៃ ចាប់តាំងពីថ្ងៃទំនាក់ទំនងចុងក្រោយរបស់ពួកគេ ជាមួយអ្នកជំងឺ។
អ្នកជំងឺអុតស្វា រូបនោះមានរោគសញ្ញាដូចជាដំបៅស្បែកពោះផ្នែកខាងក្រោម អស់កម្លាំង ហើមកូនកណ្តុរ ក្តៅខ្លួន និងឈឺបំពង់ក។ ប៉ុន្តែក្រសួងថា ស្ថានភាពរបស់គាត់មានស្ថេរភាព ហើយបច្ចុប្បន្នគាត់កំពុងសម្រាកនៅមជ្ឈមណ្ឌលជាតិសម្រាប់ជំងឺឆ្លង។
ក្រសួងសុខាភិបាលសិង្ហបុរីបន្ថែមថាហានិភ័យនៃការឆ្លងដល់មនុស្សទូទៅនៅតែមានកម្រិតទាប។ អ្នកជំងឺមិនមានទំនាក់ទំនងជាមួយករណីនាំចូល ដែលបានប្រកាសកាលពីខែមុនទេ។
អង្គការសុខភាពពិភពលោកថា អ្នកកើតជំងឺអុតស្វាមានជាង ៦ពាន់ករណីហើយ ដែលត្រូវបានរាយការណ៍ ពីប្រទេសចំនួន ៥៨ក្នុងអំឡុងពេលនៃការផ្ទុះឡើង នាពេលបច្ចុប្បន្ននេះ ៕ សារ៉ាត