សម្តេចតេជោ ហ៊ុន សែន អនុញាតិឱ្យរដ្ឋមន្ត្រីការបរទេសឡាវ ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញាតិឱ្យឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ។
សូមជម្រាបថា នៅថ្ងៃទី៤ ខែកក្កដា ក្រសួងការបរទេសបានប្រកាសឱ្យដឹងថា តបតាមការ អញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងអញ្ជើញធ្វើជាសហប្រធានជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំលើកទី១៤ នៃ គណៈកម្មការចម្រុះសម្រាប់ កិច្ចសហប្រតិបត្តិការទ្វេភាគី (14th JCBC) កម្ពុជា និងឡាវ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែកក្កដា នៅរាជធានីភ្នំពេញ ។
ក្រសួងការបរទេសបានបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មការចម្រុះលើកទី១៤ រវាងកម្ពុជា និងឡាវ នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាព ដែលសម្រេចបានស្របតាមកំណត់ហេតុនៃកិច្ចប្រជុំ JCBC កាលពីលើកមុន និងរិះរកវិស័យនានា ដែលមានសក្តានុពលភាព សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត សំដៅបន្តពង្រឹង និងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី១៤ សហប្រធានទាំងពីរ នឹងចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា និងឡាវ ៕ ដោយ វណ្ណលុក