អភិបាលរងស្រុកព្រះនេត្រព្រះ ៖ មេឃុំ ចៅសង្កាត់និងសមាជិកក្រុមប្រឹក្សាទាំងអស់ ទោះមកពីគណបក្សណាក៏ដោយ ត្រូវរួបរួមសាមគ្គី ឯកភាពគ្នាតម្រង់ទិសដៅបម្រើប្រជាពលរដ្ន និងអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន
បន្ទាយមានជ័យ ៖ លោក យឹម យឿន អភិបាលរងស្រុកព្រះនេត្រព្រះ មានប្រសាសន៍ថា លោក លោកស្រីមេឃុំ ចៅសង្កាត់ ជំទប់ទី១ ជំទប់ទី២ ចៅសង្កាត់រងទី១ ចៅសង្កាត់រងទី២ និងសមាជិកក្រុមប្រឹក្សា ទោះជាមន្ត្រីគណបក្សណាក៏ដោយ ពេលបម្រើការងារគឺជាមន្ត្រីសាធារណ:របស់រាជការ ដូច្នេះសូមឲ្យរក្សាគោលជំហរ អព្យាក្រឹត មិនលំអៀង មិនរើសអើង និន្នាការនយោបាយ សាសនា ឋាន:ឡើយ ។ ពោលគឺត្រូវរួបរួមសាមគ្គី ឯកភាពគ្នាតម្រង់ទិសដៅបម្រើប្រជាពលរដ្ន និងអភិវឌ្ឍន៍ ក៏ដូចជាដោះស្រាយបញ្ហានានាដោយផ្ទាល់ជាមួយពលរដ្ឋនៅមូលដ្ឋាន ។
លោក យឹម យឿន អភិបាលរងស្រុកព្រះនេត្រព្រះ មានប្រសាសន៍បែបនេះ ក្នុងពិធីប្រកាស សុពលភាពសមាជិកក្រុមប្រឹក្សាឃុំឈ្នួរមានជ័យ អាណត្តិទី៥ នៅស្រុកព្រះនេត្រព្រះ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ ។
សូមបញ្ជាក់ថា សម្រាប់ឃុំឈ្នួរមានជ័យ បេក្ខជនលំដាប់លេខរៀងទី១ គណបក្សប្រជាជនកម្ពុជា ត្រូវពលរដ្ឋបោះឆ្នោតជូន បានទៅ លោក ខុង ប៊ុន អតីតជំទប់ទី១ ជំនួសលោក អ៊ុន ឈឿ អតីតមេឃុំដែលឈរនៅលំដាប់លេខរៀងបន្ទាប់ ប៉ុន្តែលោកបានលាលែងការងារ ។
លោកមេឃុំ និងសហការីជាប់ឆ្នោតបានឡើងប្តេជ្ញាចិត្តថានឹងខិតខំបំពេញការងារឱ្យអស់ពីលទ្ធភាព សមត្ថភាព ឱ្យបានលទ្ធផលល្អ មានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវ ។
មន្ត្រីថ្នាក់ដឹកនាំបាន ថ្លែងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្នាក់ឃុំ សង្កាត់ គឺជាការជំរុញកិច្ចដំណើរការអនុវត្តកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកំណែទម្រង់នេះបានដើរ តួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់អភិបាលកិច្ចនៅថ្នាក់ឃុំ សង្កាត់ តាមគោលការណ៍អភិវឌ្ឍ តាមបែបប្រជា ធិបតេយ្យនៅថ្នាក់មូលដ្ឋាន ៕
ដោយ ៖ ឃិន គន្ធា