កូនឈើ ជាង ២ពាន់ដើម ត្រូវបានដាំដុះ និងចែកជូនព្រះសង្ឃ និងប្រជាពលរដ្ឋដាំដុះ ក្នុងឱកាស បុណ្យរុក្ខទិវា ០៩ កក្កដា ២០២២នេះ នៅខេត្តកំពង់ចាម
ខេត្តកំពង់ចាម ៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានដឹកនាំមន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ដាំកូនឈើ ជាង ២ពាន់ដើម ដើម្បី អបអរសាទរក្នុងឱកាស រុក្ខទិវា ០៩ កក្កដា នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ ។
លោក ស៊ឹម ថាវរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម បញ្ជាក់ថា ការប្រារព្ធពិធី រុក្ខទិវាថ្ងៃនេះ គឺបានកំណត់យកទីតាំង នៅក្នុងបរិវេណ វត្តបភាវត្យារាមគគរ (វត្ត ប៉ាក់ភា វ៉ាក់ ត្យា រាម គគរ) ភូមិគគរ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ហើយមន្ទីរកសិកម្មបានជ្រើសរើសយកប្រភេទឈើល្អៗមានតម្លៃ សម្រាប់ដាំដុះ សរុបចំនួន ១.៣០០ដើម ក្នុងនោះជាប្រភេទ កូនក្រញូង បេង ធ្នង់ ឈើទាល និងកូនក្ងោក ។ ក្រៅពីនោះ យើងក៏មានកូនឈើសម្រាប់ចែកចាយ ទៅដល់មន្ទីរ អង្គភាព សាលារៀន ប្រជាពលរដ្ឋមូលដ្ឋាន ចំនួន ១.០០០ដើម ដើម្បី យកទៅដាំដុះ ផងដែរ ។
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចាត់ទុកថា ព្រៃឈើជាសម្បត្តិធម្មជាតិ ដ៏មានសារៈសំខាន់ ក្នុងការរក្សានូវលំនឹងបរិស្ថាន ដែលមានមុខងារជាច្រើន ដូចជា ៖ រក្សានិយតកម្មប្រភពទឹក ការពារទីជម្រាល ការពារការហូរច្រោះ ទាក់ទាញទឹកភ្លៀង បន្សុទ្ធខ្យល់អាកាស ផ្តល់ផល អនុផលព្រៃឈើ សម្រាប់ប្រើប្រាស់ រក្សាជីវចម្រុះ និងរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ធម្មជាតិ អេកូឡូស៊ី វប្បធម៌ និងជាទីជម្រកដ៏សុខសាន្ត ចំពោះ សត្វគ្រប់ប្រភេទ ដែលមានជីវិត នៅលើភពផែនដីយើងនេះ ។ យ៉ាងណាមិញការបាត់បង់ព្រៃឈើ វា នឹងក្លាយជាបញ្ហា ដែលបង្កឲ្យដីបាត់បង់ជីជាតិ និងងាយកើតមានឡើងនូវគ្រោះធម្មជាតិផ្សេងៗ ។ ទន្ទឹមនឹងនោះ សកម្មភាព នៃការកាប់ឆ្ការ រានទន្រ្ទានយកដីព្រៃឈើ ព្រៃលិចទឹក ដើម្បី ដាំដំណាំកសិកម្ម ឬ ក្នុងគោលបំណងផ្សេងៗ ដោយពុំអនុវត្តទៅតាមក្បួនខ្នាតបច្ចេក ទេស ជាហេតុចម្បងនាំឲ្យវិនាសហិនហោចធនធានធម្មជាតិ ។
ឯកឧត្ដម រំលឹកថា យើងទាំងអស់គ្នា បានជ្រាបហើយថា ពិធីទិវាដាំដើមឈើ ជាប្រពៃណីជាតិ ហៅថា រុក្ខទិវា ជាវប្បធម៌ដ៏ឧត្តុងឧត្តម កើតមានតាំងតែពីឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំ របស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដិ ជាទីសក្ការៈដ៏ខ្ពង់ ខ្ពស់បំផុត នៃយើង ក្នុងគោលបំណងបំផុសចលនា ដាំដើមឈើ និងថែរក្សាសម្បត្តិព្រៃឈើ ជាពិសេស ដើម្បី ថែរក្សាការពារ និងបណ្តុះគំនិតស្រលាញព្រៃឈើ និងបរិស្ថានធម្មជាតិ ។
ឯកឧត្ដម បន្តថា ជាទិសដៅបន្តវេន រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចាត់តាំងប្រារព្ធពិធីនេះឡើង ជារៀងរាល់ឆ្នាំ នៅថ្ងៃទី០៩ ខែកក្កដា ។ ប៉ុន្តែ ពិធីនេះបានអាក់ខានអស់រយៈពេល ២ឆ្នាំ ដោយសារសា្ថនភាព នៃការឆ្លងរីករាលជាសាកល នៃជម្ងឺកូវីដ ១៩ ។ ផ្អែកតាមស្ថានភាពល្អប្រសើរឡើងវិញ ទើបនាឆ្នាំនេះ រុក្ខទិវា ថ្នាក់ជាតិ បានប្រារព្វឡើងនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសំបូរមាស ស្ថិតក្នុងភូមិសំបូរមាស ឃុំស្ទឹង ស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។
ដោយឡែក នៅខេត្តកំពង់ចាមយើងវិញ ការរៀបចំពិធីអបអរសារទរ រុក្ខទិវានេះ បានធ្វើឡើងតាំងពីឆ្នាំ១៩៩០ មកម៉្លេះ និងបានរៀបចំ ចំនួន ២៦លើក មកហើយ គិតមកដល់ពេលនេះ ។ នាឆ្នាំនេះ ជាលើកទី២៧ ដែលបានជ្រើសរើសទីតាំងខាងលើ រៀបចំ រុក្ខទិវា ថ្នាក់ខេត្ត ដើម្បី រំលឹកនូវស្នាព្រះហស្ថដ៏ឧត្តុងឧត្តមរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដិ នរោត្តម សីហនុ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៃយើង ដែលព្រះអង្គទាំងទ្វេរ តែងតែយកទឹកព្រះទ័យ ទុកដាក់ក្នុងការងារនេះ ជាពិសេស ដើម្បី ធ្វើឲ្យទឹកដីនៃខេត្តកំពង់ចាម គ្របដណ្តប់ដោយគម្របពណ៌បៃតង ផងដែរ ៕ សារ៉ាត