ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យចូលរួមថែរក្សាការពារ ប្រាសាទបុរាណទាំងអស់នៅទូទាំងប្រទេសឱ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ៗជំនាន់
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ បានអបអរសាទរខួបគម្រប់ ១៤ឆ្នាំ នៃការដាក់បញ្ចូល ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក ។ ទន្ទឹមនឹង ការអបអរ នេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី អំពាវនាវឱ្យចូលរួមថែរក្សាការពារ ប្រាសាទបុរាណទាំងអស់នៅទូទាំងប្រទេសឱ្យបានគង់វង្ស ដើម្បីកូន ចៅខ្មែរគ្រប់ៗជំនាន់ ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុក របស់ សម្ដេចដូច្នេះថា៖ ថ្ងៃនេះគឺជាខួបលើកទី១៤ឆ្នាំ នៃការចុះបញ្ជី “ប្រាសាទព្រះវិហារ” ជាបេតិកភណ្ឌពិភពលោក (០៧ កក្កដា ២០០៨-០៧ កក្កដា ២០២២)។ ព្រឹត្តិការណ៍ដែលកើតឡើងកាល ពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ត្រូវបានចាត់ទុកជា ព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ ថ្មីមួយ បើគិតចាប់តាំងពីកម្ពុជាទទួលបានប្រាសាទ ដ៏ពិសិដ្ឋមួយនេះ ក្រោយឈ្នះក្តីលើប្រទេសថៃនៅតុលាការ អន្តរជាតិក្រុងឡាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជា ដែលស្ថិតនៅលើភ្នំដងរែក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនាកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការ បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា។
ជាមួយនឹងការអបអរសាទរខួបគម្រប់ ១៤ឆ្នាំ នៃការដាក់បញ្ចូល ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យចូលរួមថែរក្សាការពារប្រាសាទ បុរាណ ទាំងអស់នៅទូទាំងប្រទេសឱ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ៗ ជំនាន់ ។
ចំណែកឯឯកឧត្តម រ័ត្ន សណ្ដាប់ អ្នកជំនាញអារ្យធម៌ខ្មែរ បានប្រាប់ AMS ដោយបង្ហាញទស្សនៈថា ការចូលរួមថែរក្សាប្រាសាទ បុរាណ ដែលបន្សល់ទុកពីបុព្វបុរសមក គឺជារឿងចាំបាច់បំផុត, ចំាំបាច់ក៏ព្រោះ ថា ប្រាសាទបុរាណទាំងនោះគឺជាអត្តសញ្ញាណ វប្បធម៌ មរតកដ៏ រុងរឿងរបស់កម្ពុជា។
អ្នកជំនាញអារ្យធម៌ខ្មែររូបនេះ បានបន្ថែមថា បុព្វបុរសខ្មែរ បានចារលើ សិលាចរឹកថា បើសិននណាថែរក្សាសម្បត្តិបុរាណនេះ ទាំងខ្លួនយើង និងសាច់ញាតិយើង នឹងបានឡើងឋានសួគ៌ តែបើសិនជាអ្នកណា បំផ្លាញសម្បត្តិបុរាណដែលជាស្នាដៃរបស់ជាតិនេះ ទាំងខ្លួនយើង និងសាច់ញាតិយើងផង នឹងធ្លាក់នរក រហូតដល់អស់ព្រះចន្ទ និង ព្រះអាទិត្យ។
លោកអះអាងថា ឃ្លានេះគឺជាពរជ័យផង និងជាបណ្ដាសារផង ហើយឃ្លានេះក៏បានឆ្លុះបញ្ចាំងពីសាររបស់សម្ដេចតេជោ ហ៊ុន សែន ដែរដែលសម្ដេចផ្ញើសារជាពរជ័យដល់ប្រជាជនឲ្យចូលរួមថែរក្សាសម្បត្តិបុរាណ។
សម្រាប់លោកអ្នកជំនាញអារ្យធម៌ខ្មែរ បានលើកឡើងទៀតថា បច្ចុប្បន្ន ប្រជាជនកម្ពុជា កាន់តែមានការយល់ដឹងច្រើន អំពីការចូលរួមថែរក្សា សម្បត្តិប្រាសាទបុរាណ ហើយលោកលើកទឹកចិត្តឲ្យប្រជាជន បន្តការ ចូលរួមនេះទៅមុខទៀត ដើម្បីថែរក្សា និងអភិរក្ស ប្រាសាទដ៏ច្រើនដែល បុព្វបុរសខ្មែរកសាងទុក។ តែយ៉ាងណារឿងដែលសំខាន់បំផុត ក្នុងការ ការពារសម្បត្តិវប្បធម៌នេះ គឺ សន្ដិភាព លោកអះអាងថា មានសន្ដិភាព ទើប អាច បើកឱកាសឲ្យគ្រប់គ្នាថែរក្សាគ្រប់ប្រាសាទបុរាណ ៕
ដោយ៖ វណ្ណលុក