វៀតណាម៖ រុស្ស៊ីតែងតែជាដៃគូដ៏សំខាន់ខ្លាំងរបស់ខ្លួន
ហាណូយ៖ ក្នុងពេលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov នាទីក្រុងហាណូយ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២លោក Bui Thanh Son រដ្ឋមន្ត្រីការបរទេសវៀតណាម បានមាន ប្រសាសន៍ ថា រុស្ស៊ីតែងតែជាដៃគូដ៏សំខាន់បំផុតមួយ ក្នុង គោលនយោ បាយការបរទេសរបស់វៀតណាម។
ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី នៅវៀតណាម ក្នុងពេលដែលប្រទេសទាំងពីរប្រារព្ធខួប ១០ ឆ្នាំនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យនោះ លោក Bui Thanh Son បានអះអាងថា វៀតណាម ជានិច្ចកាលផ្តល់តម្លៃ និង បង្ហាញការដឹងគុណចំពោះការគាំទ្រ និងជំនួយដ៏ស្មោះស្ម័គ្រ ដែល ភាគីរុស្ស៊ី បានផ្តល់ដល់ភាគីវៀតណាម ក្នុងពេលកន្លងមក លើការតស៊ូ ទាមទារឯករាជ្យជាតិក៏ដូចជាការកសាងនិងអភិវឌ្ឍន៍ជាតិនាពេលបច្ចុប្បន្ន។
រដ្ឋមន្ត្រីការបរទេសវៀតណាមរូបនេះ ក៏បង្ហាញពីក្តីសង្ឃឹមថា ក្រសួង ពាក់ព័ន្ធ និងវិស័យនានារបស់រុស្ស៊ីនឹងបន្តបង្កើតលក្ខខណ្ឌអំណោយ ផលសម្រាប់សហគមន៍វៀតណាមក្នុងការរស់នៅសិក្សានិងធ្វើអាជីវកម្ម នៅរុស្ស៊ី។
រដ្ឋមន្ត្រីកាបរទេសរុស្ស៊ី លោក Lavrov ដែលបានទៅបំពេញ ទស្សនកិច្ច នៅវៀតណាម តបតាមការអញ្ជើញ បានសង្កត់ធ្ងន់ថា វៀតណាមជាដៃគូប្រពៃណី ដ៏គួរឱ្យទុកចិត្តមួយនិងសំខាន់របស់រុស្ស៊ី ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយសម្តែងនូវគោលបំណងថា ភាគីទាំងពីរ នឹងបន្តខិតខំប្រឹងប្រែងដើម្បីភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយដើម្បីទទួលបានផ្លែផ្កាបន្ថែមទៀត។
ក្នុងជំនួបនោះ ភាគីទាំងពីរក៏បានពិភាក្សាគ្នា លើប្រធានបទផ្សេងៗ ទៀតដែរ ដូចជា បញ្ហាតំបន់ និងអន្តរជាតិ រួមមានទាំងបញ្ហា នៅអ៊ុយក្រែន ដែរ។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងរុស្ស៊ីនិងវៀតណាមត្រូវបានពង្រឹង ក្នុងនោះ ពាណិជ្ជកម្មទ្វេភាគីមានតម្លៃ ៧.១ ពាន់លានដុល្លារ កាលពីឆ្នាំមុន កើនឡើង ២៥ ភាគរយ ធៀបនឹងឆ្នាំ ២០២០៕
ប្រភព៖ vnexpress និង vietnamplus ដោយ៖ សារ៉ាត