រដ្ឋលេខាធិការក្រសួងអប់រំដឹកនាំប្រតិភូចុះទស្សនកិច្ចសិក្សានៅសាលាបឋមសិក្សាទួលគោក
ភ្នំពេញ៖ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយថ្នាក់ដឹកនាំក្រសួង អគ្គនាយកដ្ឋានអប់រំ នាយកដ្ឋានបឋមសិក្សា មន្ទីរអប់រំ យុវជន និងកីឡារាជធានី ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលខណ្ឌទួលគោក លោកចៅសង្កាត់ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សសាលាបឋមសិក្សាទួលគោក បានចូលរួម ទទួល ស្វាគមន៍ប្រតិភូអង្គការសុខភាពពិភពលោក (WHO) ដែលដឹកនាំ ដោយលោកបណ្ឌិត តាកេស៊ី កាសៃ(Takeshi Kasai) នាយកប្រចាំ តំបន់ប៉ាស៊ីភិចខាងលិច និងក្រសួងសុខាភិបាល ដែលដឹកនាំដោយ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដើម្បីពិនិត្យមើលការអនុវត្តវិធានសុខាភិបាលសម្រាប់ដំណើរការបង្រៀននិងរៀនក្រោមបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩នៅ។
គណៈប្រតិភូកាលពីថ្ងៃទី៦ខែកក្កដាបានវាយតម្លៃខ្ពស់ចំពោះវិធានការនានាដែលសាលារៀន បាន និងកំពុងអនុវត្តក្នុងការចូលរួមទប់ស្កាត់ ការរីករាល ដាលជំងឺកូវីដ-១៩ ដែលជាមូលដ្ឋានគ្រឹះក្នុងការធានាឱ្យការ បង្រៀន និងរៀនប្រកបដោយសុវត្ថិភាព។
ជាមួយគ្នានេះផងដែរ ប្រតិភូក៏បានសន្យាថានឹងនាំយកបទពិសោធន៍ នៃការអនុវត្តនៅប្រទេសកម្ពុជា ទៅផ្សព្វផ្សាយដល់ប្រទេសនានាក្នុង តំបន់ និងពិភពលោក ព្រមទាំងស្វែងរកជំនួយបន្ថែមទៀត មកជួយដល់ប្រទេសកម្ពុជា៕ដោយ៖រ៉ាវុធ