ប្រធានក្រុមការងារចុះជួយស្រុកស្វាយទាប ជំរុញដល់អាជ្ញាធរ ចុះឲ្យដល់មូលដ្ឋាលពលរដ្ឋផ្ទាល់ ដើម្បីបានដឹងពីតម្រូវការជាក់ស្តែង
ស្វាយរៀង ៖ ក្នុងពិធីបូកសរុបលទ្ធផលការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ នៅស្រុកស្វាយទាប នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ ភឿង សកុណា ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកស្វាយទាប ខេត្តស្វាយរៀង បានជំរុញដល់អាជ្ញាធរ និងក្រុមការងារទាំងអស់ ត្រូវចុះឱ្យដល់មូលដ្ឋានពលរដ្ឋ ដើម្បីដោះស្រាយទុក្ខលំបាកនានា ទាំងបញ្ហាប្រឈម និងសេវាតម្រូវការចាំបាច់នានា ដោយស្មើភាព ដោយយុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ ។
លោកជំទាវ ភឿង សកុណា ក៏បានថ្លែងការកោតសរសើរផងដែរ ដល់ក្រុមការងារ ក៏ដូចជាអាជ្ញាធរដែនដី ដែលបានខិតខំចុះមូលដ្ឋាន និងយកចិត្តទុកដាក់ដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋ នាពេលកន្លង បានល្អប្រសើរ តែក្នុងនោះក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលតម្រូវឲ្យអ្នកទំាងអស់គ្នា យកចិត្តទុកដាក់អនុវត្តថែមទៀត ។
សូមបញ្ជាក់ថា នៅក្នុងអង្គវេទិកានេះ ក៏ទទួលបានសំណូមពរ ពីប្រជាពលរដ្ឋ នៅតាមបណ្តាឃុំ ដែលជាទុក្ខកង្វល់ចំបង និងសំខាន់ៗ រួមមាន បញ្ហាផ្លូវថ្នល់ពិបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ការស្តារប្រឡាយទឹក ឬក៏ប្រព័ន្ធផ្លូវទឹកដើម្បីសម្រាប់រំដោះទឹកចេញមិនឱ្យមានការជនលេច បញ្ហាកង្វះចរន្តអគ្គិសនីប្រើប្រាស់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន បញ្ហាខ្វះលោកគ្រូ អ្នកគ្រូ បង្រៀននៅកម្រិតអនុវិទ្យាល័យ(ឃុំព្រៃតាអី និងឃុំប្រសូត្រ) ការផ្តល់ ប្រាក់ ឧបត្ថម្ភជូនគ្រូកិច្ចសន្យាមានការយឺតយ៉ាវ និងសាលាបឋមសិក្សាមួយចំនួនមានសភាពទ្រុតទ្រោម ការធ្វើ និងផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋប្រើប្រាស់មានភាពយឺតយ៉ាវ ៦- បញ្ហាជួញដូរ ប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសង និងក្មេងទំនើង បញ្ហាទំនាស់ដីធ្លីនៅមូលដ្ឋាន សំណើឯកសណ្ឋានប្រជាការពារភូមិនៅមូលដ្ឋាន សំណើសុំចេញប័ណ្ណសម្រាប់រក្សាទីទួលបុរាណ ។
ឆ្លើយតបចំពោះបញ្ហាប្រឈមខាងលើ លោកជំទាវ ភឿង សកុណា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្វាយទាប និងក្រុមការងារ បានដោះស្រាយ និងជំរុញឱ្យមន្ត្រីដែលពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមដោះស្រាយ ឲ្យបានទាន់ពេលវេលា និងមានគណនេយ្យភាព តម្លាភាព ៕ ដោយ :នុត នាង