ក្រុមហ៊ុន វីតាល់ និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជារៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ “សាមគ្គីភាព នៃវីរជនបរិច្ចាគឈាម”
ភ្នំពេញ៖ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានរៀបចំព្រឹត្តិការណ៍បរិច្ចាគឈាមទ្រង់ទ្រាយធំជាថ្មីឡើងវិញ ក្រោយពីការថមថយនៃជំងឺកូវីដ១៩ ដោយបានសហការរៀបចំជាមួយវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និង មជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រោមប្រធានបទ “សាមគ្គីភាព នៃវីរជនបរិច្ចាគឈាម” ក្នុងនោះទទួលបានអ្នកស្ម័គ្រចិត្តផ្តល់អំណោយឈាម ប្រមាណជាង ៣៥០នាក់។
កម្មវិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងសាលសន្និសីទវិទ្យាស្ថាន NPIC ក្នុងគោលបំណងបំផុសចលនាស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីចូលរួមចំណែកបំពេញតម្រូវការស្តុកឈាម ដល់អ្នកជម្ងឺដែលកំពុងត្រូវការឈាមជាចាំបាច់នៅតាមមន្ទីរពេទ្យនានា និងស្របជាមួយចំនួនអ្នកបរិច្ចាគឈាមមានការធ្លាក់ចុះ និងតម្រូវការឈាមកើនឡើងជាលំដាប់។
ថ្លែងក្នុងពិធីនេះ លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានមានប្រសាសន៍ថា ក្នុងនាមមជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា នៃក្រសួងសុខាភិបាល ពិតជាមានកិត្តិយសក្រៃលែងដោយបានបន្តរួមសហការជាមួយ វីតាល់ និងពង្រីកដៃគូថ្មីមួយទៀតគឺ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាក្នុងការលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តព្រមជាមួយគោលបំណងធានា បាននូវការផ្គត់ផ្គង់ឈាមដោយសុវត្ថិភាពក្នុងបរិមាណគ្រប់គ្រាន់ទាន់ពេលវេលា ដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះ និងអ្នកជំងឺទាំងអស់ ដែលត្រូវការឈាមជាចាំបាច់ និងក្នុងពេលបន្ទាន់បំផុត ។
ជាមួយគ្នានេះ លោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានសម្តែងនូវការអំណរគុណជូនចំពោះថ្នាក់ដឹកនាំ និងនិស្សិត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដែលបានចូលរួមជាដៃគូសហការរៀបចំព្រឹត្តិការណ៍ សម្រាប់ឆ្នាំនេះ និងចូលរួមគាំទ្រគ្រប់សកម្មភាពរបស់វីតាល់ជាដរាប។
លោកជំទាវបន្តថា កម្មវិធីនេះ ត្រូវបានធ្វើឡើងក្នុងខណៈដែលស្ថានភាពក្នុងស្រុក សហគមក្នុងតំបន់ ក៏ដូចជាពិភពលោក កំពុងមានចរន្តនៃការវិលត្រលប់មកវិញ នៃការរីករាលដាលជំងឺកូវីដ-១៩ក្តី វីតាល់ និង វិទ្យាស្ថាន NPIC បានធ្វើការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំឲ្យមានឡើងវិញនូវការបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ-បុគ្គលិក និងសប្បុរសជនតាមគន្លងប្រក្រតីភាពថ្មី។
នាឱកាសនោះដែរ លោក មួង ផាស៊ី នាយករងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងជាតំណាងឯកឧត្តមបណ្ឌិត ប៊ុន ភារិន នាយកវិទ្យាស្ថាន NPIC មានប្រសាសន៍ថា លើកនេះជាព្រឹត្តិការណ៍បរិច្ចាគឈាមទ្រង់ទ្រាយធំលើកទី១ ដែលវិទ្យាស្ថានបានរៀបចំ និងរៀបចំជាមួយវីតាល់។
ដោយមើលឃើញពីតម្រូវការស្តុកឈាម មានការកើនឡើងជាលំដាប់ គួបផ្សំជាមួយដៃគូយុទ្ធសាស្រ្តរបស់យើង គឺវីតាល់ផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍នេះ វិទ្យាស្ថានបានធ្វើការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមសហការរៀបចំ ផ្សព្វផ្សាយ និងប្រមែលប្រមូលសាស្រ្តាចារ្យ និងនិស្សិត ចូលរួមបរិច្ចាគឈាម ដោយស្ម័គ្រចិត្តជាមួយបុព្វហេតុរួម៕
ដោយ៖ ទីណា និងបុត្រា