មេឃុំព្រែកខ្សាច់ នៃស្រុកគីរីសាគរ ប្ដេជ្ញាខិតខំបម្រើសេវាសាធារណ: ជូនពលរដ្ឋឱ្យបានល្អថែមទៀត និងបន្តការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងមូលដ្ឋាន ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ
កោះកុង ៖ បន្ទាប់ពីបានជាប់ឆ្នោតជាថ្មី ក្នុងអាណត្តិទី៥នេះ លោក រៀម រុំ មេឃុំព្រែកខ្សាច់ នៃស្រុកគីរីសាគរ ខេត្តកោះកុង បានប្តេជ្ញាចិត្តខិតខំបម្រើសេវាសាធារណ: ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យកាន់តែល្អប្រសើរប្រកបដោយតម្លាភាព និងមិនប្រកាន់និន្នាការគណ:បក្សនយោបាយ ក្នុងនោះគឺត្រូវលប់បំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ចោរលួច ចោរប្លន់ ការប្រើអំពើរហឹង្សាក្នុងគ្រួសារ ពួកសេព និងចរាចរគ្រឿងញៀន ខុសច្បាប់ និងបន្តអភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ ។
លោកមេឃុំព្រែកខ្សាច់ បានប្ដេជ្ញាចិត្តដូចនេះ ក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំព្រែកខ្សាច់ អាណត្តិទី៥ នៅសាលាឃុំព្រែកខ្សាច់ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្ដម ឃឹម ច័ន្ទឌីហ៊ុន អភិបាលរងខេត្តកោះកុង ។
ឯកឧត្ដម ឃឹម ច័ន្ទឌី បានក្រើនរំលឹកដល់ក្រុមប្រឹក្សាឃុំព្រែកខ្សាច់ ដែលទើបជាប់ឆ្នោតជាថ្មី ក្នុងអាណត្តិទី៥នេះ ត្រូវតបស្នង នូវសេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋដែលជាម្ចាស់សន្លឹកឆ្នោត ដោយបន្តធ្វើជាមន្ត្រីបម្រើរាស្ត្រ ហើយយកចិត្តទុកដាក់ដោះស្រាយ ទំនាស់នានាក្រៅប្រព័ន្ធតុលាការប្រកបដោយស្មារតីគោរពស្រលាញ់ប្រជាពលរដ្ឋ ហើយបើមានបញ្ហាអ្វីដែលដោះស្រាយមិនចេញ ត្រូវប្រញាប់ធ្វើរបាយការណ៍ជូនដល់ថ្នាក់លើ ជាពិសេស ត្រូវបន្តសាមគ្គីផ្ទៃក្នុងក្រុមប្រឹក្សាឃុំឱ្យបានល្អ ។
ឯកឧត្ដម ឃឹម ច័ន្ទឌី បានបញ្ជាក់ថា មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព ជាពិសេស គឺទឹក និងភ្លើង រដ្ឋបាលខេត្ត និងខិតខំធ្វើយ៉ាងណា ជួយសម្រួលជូនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានឃុំព្រែកខ្សាច់នេះ ឱ្យបានឆាប់ ។
សូមជម្រាបថា ឃុំព្រែកខ្សាច់ គឺជាឃុំមួយក្នុងចំណោម ឃុំទាំង ៣ ក្នុងស្រុកគីរីសារគ ដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ គឺគណបក្សប្រជាជនកម្ពុជា បានឈ្នះដាច់ ៕ ដោយ វណ្ណលុក