នាយករដ្ឋមន្ត្រីវៀតណាមចង់ឃើញកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយរុស្ស៊ីកាន់តែស៊ីជម្រៅ
ហាណូយ៖ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានប្រាប់លោក Sergey Lavrov រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី ដែលបានបំពេញទស្សនកិច្ចនៅវៀតណាម ថា កិច្ចសហប្រតិបត្តិការទ្វេភាគីគួរតែត្រូវបានធ្វើឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពជាងលើគ្រប់វិស័យ។
ក្នុងពេលទទួលជួបភ្ញៀវរុស្ស៊ី នាក្រុងហាណូយ កាលពីថ្ងៃទី៦ កក្កដា ២០២២ លោកនាយករដ្ឋមន្ត្រីបានចង្អុលបង្ហាញថា ដំណើរទស្សនកិច្ចរបស់លោក Lavrov ធ្វើឡើងចំពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី១០ឆ្នាំ នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងប្រទេសទាំងពីរ។
លោកបាននិយាយថា វៀតណាមនិងរុស្ស៊ីគួរតែឆាប់ដោះស្រាយការលំបាក ក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ និងការដឹកជញ្ជូន ហើយបន្តខិតខំប្រឹងប្រែងដើម្បីទាញយកអត្ថប្រយោជន៍ពេញលេញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចក្នុងប្រទេសទាំងពីរដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ។
លោកនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យមានការស្តារឡើងវិញឱ្យបានឆាប់នូវកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ កីឡា ទេសចរណ៍ ការអប់រំ ការបណ្តុះបណ្តាល និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ចំពេលដែលស្ថានភាព Covid-19 ស្ថិតក្រោមការគ្រប់គ្រង។
លោក Lavrov បាននិយាយ នាពេលនោះដែរថា រុស្ស៊ីតែងតែចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងតំបន់ ហើយមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។ លោកវាយតម្លៃខ្ពស់ចំពោះជំហរ តួនាទី និងការរួមចំណែករបស់វៀតណាមក្នុងការធានាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក៕ ប្រភពពី Vnexpress ប្រែសម្រួល៖ សារ៉ាត



