សមត្ថកិច្ចខណ្ឌកំបូល បញ្ជូនខ្លួនជនសង្ស័យ ៣នាក់ ជំនាញឆក់ ទៅតុលាការ
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌកំបូល ធ្វើការស្រាវជ្រាវតាមចាប់ខ្លួនបានជនសង្ស័យចំនួន៣ នាក់ ពាក់ព័ន្ធសកម្មឆក់តាមដងផ្លូវ និងកសាងសំណុំរឿងរួចរាល់ បញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២។
សមត្ថកិច្ចបានឱ្យដឹងថា ក្រោមបញ្ជាពីលោកវរៈសេនីយ៍ឯក ហង្ស មុនី អធិការខណ្ឌកំបូល ដឹកនាំដោយលោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរង ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវច្បាមតាមចាប់ខ្លួនជនសង្ស័យសកម្មឆក់ ក្រោយធ្វើសកម្មភាពតាមដងផ្លូវ ហើយគេចខ្លួន តែគេចមិនរួច កម្លាំងសមត្ថកិច្ចក្របួចបាន ៣នាក់ នៅចំណុចតូបលក់កាហ្វេមួយកន្លែង ក្នុងភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល ។
ជនសង្ស័យ៣នាក់ ទី១-ឈ្មោះ សុខ សុខា ហៅឆេះ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិតាកេរិ៍ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ទី២-ឈ្មោះ មឿន សុពិន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ទី៣-ឈ្មោះ ប៉ោ លីហ៊ាង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យទាំង៣នាក់ ត្រូវបាននាំទៅផ្នែកជំនាញខណ្ឌ ធ្វើការសាកសួរ និងកសាងសំណុំរឿង រហូតដល់ព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ត្រូវបានសមត្ថកិច្ចបន្តនាំខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់៕ ដោយ ៖ ឆៃហួត និងប៊ុនធី