សម្តេចក្រឡាហោម ស ខេង៖ រាជរដ្ឋាភិបាលមានការទទួលខុសត្រូវខ្ពស់ក្នុងការលើកកម្ពស់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមានការទទួលខុសត្រូវខ្ពស់ក្នុងការលើកកម្ពស់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ នៅកម្ពុជា។ ក្នុងនោះការទទួលខុសត្រូវជាចម្បងៗរបស់រាជរដ្ឋាភិបាលកម្ពុជា គឺធានារក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយនិងការអភិវឌ្ឍសង្គមលើគ្រប់វិស័យ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីអញ្ជើញបិទសន្និបាតបូកសរុបការងាររៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។
សម្តេចក្រឡាហោម បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកការការពារថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម គឺជាការទទួលខុសត្រូវជាចម្បងបំផុត សំដៅលើកស្ទួយសិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋគ្រប់ៗរូប បានចូលរួមក្នុងជីវភាពនយោបាយកាន់តែសកម្ម គ្មានការភ័យខ្លាច សម្រាប់ផ្ដល់នូវមូលធនសង្គម និងមូលធននយោបាយ ដើម្បីធានាការរីកលូតលាស់ប្រកបដោយភាពរឹងមាំ និងមានចីរភាពនូវគណបក្សនយោបាយនានា ដែលជាតួអង្គដ៏សំខាន់នៃលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោត។
សម្ដេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់អំពីគោលការណ៍ដ៏សំខាន់មួយចំនួនក្នុងចំណោមគោលការណ៍សំខាន់នានា ពាក់ព័ន្ធការធានាចីរភាពនៃដំណើរការបោះឆ្នោតដោយផ្ទាល់ និងមិនផ្ទាល់ស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលក្នុងនោះការបោះឆ្នោតតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស គឺជាដំណើរការប្រកួតប្រជែងគ្នាដ៏ស្រួចស្រាលរវាងគណបក្សនយោបាយ និងបេក្ខជននៃគណបក្សនយោបាយនានា ដើម្បីកាន់កាប់អំណាចទាំងនៅថ្នាក់ជាតិ ក៏ដូចនៅថ្នាក់ក្រោមជាតិ។ នៅថ្នាក់ឃុំ សង្កាត់ ក្រោយពីការប្រកាសលទ្ធផលបោះឆ្នោត បេក្ខជនជាប់ឆ្នោតមកពីគណបក្សផ្សេងៗ គ្នានឹងក្លាយទៅជាក្រុមប្រឹក្សាឃុំ សង្កាត់ គឺជាអាជ្ញាធរសាធារណៈ ដែលមានកាតព្វកិច្ចតាមផ្លូវច្បាប់ ធ្វើជាតំណាងរបស់ប្រជាពលរដ្ឋក្នុងឃុំ សង្កាត់របស់ខ្លួន ដើម្បីការពារបម្រើផលប្រយោជន៍ប្រជាពលរដ្ឋទាំងអស់ គឺមិនគ្រាន់តែជាតំណាងឱ្យប្រជាពលរដ្ឋដែលគាំទ្រគណបក្សខ្លួននោះឡើយ។ ហេតុនេះ សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតដែលមកពីគណបក្សផ្សេងៗគ្នា ត្រូវខិតខំសម្របសម្រួល ធ្វើការជាមួយគ្នាដើម្បី បម្រើប្រជាពលរដ្ឋគ្រប់ៗរូបក្នុងឃុំ សង្កាត់របស់ខ្លួន ដោយមិនត្រូវមានការរើសអើង និងបែងចែកពណ៌សម្បុរនយោបាយនោះឡើយ។
ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ ដឹកនាំ និងមន្ត្រីគជប គ្រប់លំដាប់ថ្នាក់អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច គណបក្សនយោបាយនានាអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ អ្នកពាក់ព័ន្ធនានា ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមអនុវត្ត និងគោរពតាមច្បាប់ បោះឆ្នោត បទបញ្ជា នីតិវិធី និងក្រមសីលធម៌សម្រាប់ការបោះឆ្នោត ប្រកបដោយស្មារតីទទួលខុសត្រូវ និងភាពថ្លៃថ្នូរ ធ្វើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ ទទួលបាននូវលទ្ធផលដ៏ល្អប្រសើរ ទាំងលើទិដ្ឋភាពច្បាប់ ទាំងលើទិដ្ឋភាពបច្ចេកទេស ក្រោមបរិយាកាសសន្តិភាព មានស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងមានសុវត្ថិភាព យ៉ាងល្អប្រសើរ៕
ដោយ៖ពលជ័យ
រូបភាព៖គជប