សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងាររៀបចំការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី៥
ខេត្តព្រះសីហនុ៖ សន្និបាតបូកសរុបការងាររៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី៥ ត្រូវបានប្រារព្ធ ពិធីបិទ នៅព្រឹកថ្ងៃទី ០៧ ខែកក្កដាឆ្នាំ២០២២ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅក្នុងក្រុងព្រះស៊ីហនុ ខេត្តព្រះស៊ីហនុ ។
បន្ទាប់ពីឯកឧត្តម ទេព នីថា អគ្គលេខា ធិការនៃគណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានធ្វើការជម្រាបជូនពីដំណើរការអង្គសន្និបាតបូកសរុបការ ងាររយៈពេល០២ថ្ងៃរួចមក ដែលអង្គសន្និបាតបានដំណើរការទៅដើម្បីត្រួតពិនិត្យការងារ ផ្លាស់ប្ដូរយោបល់ ចែករំលែក បទពិសោធន៍ល្អៗ ព្រមទាំងវាយតម្លៃពីចំណុចខ្លាំងចំណុចខ្សោយ ការខ្វះខាតដើម្បីបង្កើនការយល់ដឹង ពង្រឹងកិច្ចសហការនិងការអនុវត្តន៍សំដៅលំម្អការរៀបចំការបោះឆ្នោតនាពេលខាងមុខកាន់តែល្អប្រសើរឡើងថែមទៀត ។
ថ្លែងក្នុងនាមរាជ រដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រី គជប គ្រប់លំដាប់ថ្នាក់ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច គណបក្សនយោបាយនានា អ្នកសង្កេតការណ៍ ជាតិ អន្តរជាតិ អ្នកពាក់ព័ន្ធនានា ព្រមទាំង បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមអនុវត្ត និងគោរពតាមច្បាប់ បោះឆ្នោត បទបញ្ជា នីតិវិធី និងក្រមសីលធម៌សម្រាប់ការបោះឆ្នោត ប្រកបដោយស្មារតីទទួលខុសត្រូវ និងភាពថ្លៃថ្នូរ ធ្វើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ ទទួលបាននូវលទ្ធផលដ៏ល្អប្រសើរ ទាំងលើទិដ្ឋភាពច្បាប់ ទាំងលើទិដ្ឋភាពបច្ចេកទេស ក្រោម បរិយាកាសសន្តិភាព មានស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងមានសុវត្ថិភាព យ៉ាងល្អប្រសើរ ។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍លើកឡើងបន្តទៀតថា រាជរដ្ឋ ភិបាលកម្ពុជាមានការទទួលខុសត្រូវខ្ពស់ ក្នុងការលើកកម្ពស់ដំណើរការ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការបោះឆ្នោតដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌ នៅកម្ពុជា ។ ក្នុងនោះការទទួលខុសត្រូវជាចម្បងៗរបស់រាជរដ្ឋាភិបាលកម្ពុជា គឺធានារក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសង្គមលើគ្រប់វិស័យ ។ រាជរដ្ឋាភិបាលកម្ពុជាចាត់ទុក ការការពារថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម គឺជាការទទួលខុសត្រូវជា ចម្បងបំផុត សំដៅលើកស្ទួយ សិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋគ្រប់ៗរូប បានចូលរួមក្នុងជីវភាពនយោបាយកាន់តសកម្ម គ្មានការភ័យខ្លាច សម្រាប់ផ្ដល់នូវមូលធនសង្គម. និងមូលធននយោបាយ ដើម្បីធានាការរីក លូតលាស់ប្រកបដោយ ភាពរឹងមាំ និងមានចីរភាពនូវគណបក្សនយោបាយនានា ដែលជា តួអង្គដ៏សំខាន់នៃលទ្ធិប្រជាធិបតេយ្យ និងការបោះ ឆ្នោត។
សម្ដេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់អំពីគោលការណ៍សំខាន់មួយចំនួនក្នុងចំណោមគោលការណ៍សំខាន់នានា ពាក់ព័ន្ធការធានាចីរភាពនៃដំណើរការបោះឆ្នោតដោយផ្ទាល់និងមិនផ្ទាល់ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដែលក្នុងនោះការបោះឆ្នោតតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស គឺជាដំណើរការ ប្រកួតប្រជែងគ្នាដ៏ស្រួចស្រាល់ រវាងគណបក្សនយោបាយ, និងបេក្ខជនគណបក្ស នយោបាយនានា ដើម្បីកាន់កាប់អំណាចទាំងនៅថ្នាក់ជាតិ ក៏ដូចនៅថ្នាក់ក្រោមជាតិ ។ នៅថ្នាក់ឃុំ សង្កាត់ ក្រោយពីការប្រកាសលទ្ធផលបោះឆ្នោត បេក្ខជនជាប់ឆ្នោតមកពី គណបក្សផ្សេងៗគ្នានឹងក្លាយទៅជាក្រុមប្រឹក្សាឃុំ សង្កាត់ គឺជាអាជ្ញាធរសាធារណៈ ដែលមានកាតព្វកិច្ចតាមផ្លូវច្បាប់ ធ្វើជាតំណាងរបស់ប្រជាពលរដ្ឋក្នុងឃុំ សង្កាត់របស់ខ្លួន ដើម្បីការពារបម្រើផលប្រយោជន៍ប្រជាពលរដ្ឋទាំងអស់គឺមិនគ្រាន់តែជាតំណាងឱ្យប្រជាពលរដ្ឋដែលគាំទ្រគណបក្សខ្លួននោះឡើយ។ ហេតុនេះ សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតដែលមកពីគណបក្សផ្សេងៗគ្នា ត្រូវខិតខំសម្របសម្រួល ធ្វើការជាមួយគ្នាដើម្បីបម្រើប្រជាពលរដ្ឋគ្រប់ៗរូបក្នុងឃុំ សង្កាត់របស់ខ្លួន ដោយមិនត្រូវមានការរើសអើង និង បែងចែក ពណ៌សម្បុរនយោបាយនោះឡើយ ៕ ដោយ-រ៉ាវុធ