អគ្គនាយករង នែអគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ បានស្នើដល់ អង្គការ AGM កូរ៉េ បន្តជួយឧបត្ថម្ភបន្ថែមទៀត ដើម្បីបម្រើឲ្យការបណ្តុះបណ្តាល កងយោធពលខេមរភូមិន្ទកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ទទួលបន្ទុកការងារនាយកដ្ឋាន កិច្ចការយោធា ស៊ីវិល ក្រសួងការពារជាតិ បានស្នើដល់ប្រធានប្រតិបត្តិ អង្គការ AGM នែសាធារណរដ្ឋកូរ៉េ បន្តជួយឧបត្ថម្ភ សម្ភារៈថ្មីៗបន្ថែមទៀត ដើម្បីបម្រើឲ្យការបណ្តុះបណ្តាល និងការកសាងប្រភពធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ ពិសេសចំពោះនាយទាហាន នាយទាហានរង និងពលទាហាន កំពុងបំពេញការងារក្នុងក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្នាន អំពីផ្នែកភាសា របរទេស និងវិស័យព័ត៌មានវិទ្យាក្នុងកងទ័ព ឲ្យកាន់តែមានការរីចម្រើនថែមទៀត។
ឧត្តមសេនីយ៍ឯក សៅ សារឿន បានស្នើសុំបែបនេះ ខណៈបាស្ទ័រ គីម សាងយុន នាយកប្រតិបត្តិអង្គការ AGM នៃសាធារណរដ្ឋកូរ៉េ និងសហការរី អញ្ជើញបំពេញទស្សនកិច្ចនៅ ព្រះរាជាណាចក្រកម្ពុជា និងបានឆ្លៀតមកទស្សនកិច្ចនៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈកុំព្យូទ័រ និងភាសារបរទេស របស់នាយកដ្ឋានកិច្ចការ យោធាស៊ីវិល តាមរយៈការសម្របសម្រួលពីលោកគ្រូបាស្ទ័រ គីម ថេក្វាន បេសកជនគ្រីស្ទៀននៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃ ទី៧ ខែកក្កដានេះ ។
សូមបញ្ជាក់ថា អង្គការ អេជីអឹម កន្លងមក បានជួយឧបត្ថម្ភនូវថវិកាចំនួន ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់ជួសជុលបន្ទប់សិក្សានាឆ្នាំ២០១៨ និងបានផ្ដល់អាហារូករណ៍ភាសាកូរ៉េជូននាយទាហានបានទៅបន្តការសិក្សា នៅសាកលវិទ្យាល័យ ផេ ឆេ នៃសាធារណរដ្ឋកូរ៉ ក្នុងឆ្នាំ២០២០ ដល់ ឆ្នាំ២០២១ ចំនួន០២រូប មាន.អនុសេនីយ៍ទោ ឃុត ចំណាន និង.កញ្ញា សំណាង ម៉ានិច្ច ។
បាស្ទ័រ គីម សាងយុន នាយកប្រតិបត្តិអង្គការ បានសំដែងនូវមោទន ភាពយ៉ាងខ្លាំងចំពោះ ការទទួល ស្វាគមន៍ ពីសំណាក់ថ្នាក់ដឹកនាំ នាយទាហាន ក្នុងនាយកដ្ឋាននាពេលនេះ។
បន្ទាប់មកប្រតិភូក៏បានចុះពិនិត្យមើលតាមបន្ទប់សិក្សានីមួយៗ និងបណ្ណាល័យ ដែលជាជំនួយរបស់ ភាគីមិត្តអន្តរជាតិ នៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈកុំព្យូទ័រ និងភាសាបរទេស អំពីការវិវត្តន៍រីកចម្រើន របស់សាលា ។
ឧត្តមសេនីយទោ សៅ ដារ៉ាវុធ នាយក នាយកដ្ឋានកិច្ចការយោធាស៊ីវិល ក្រសួងការពារជាតិ បានបង្ហាញពីសមិទ្ធិផល ស្នាដៃនៃកិច្ចសហប្រតិបត្តិការជាមួយបណ្តាមប្រទេស ជាមិត្តអន្តរជាតិពិសេសពីភាគីអង្គការ AGM នៃសាធារណរដ្ឋកូរ៉េលើកកម្មវិធី សិក្សាភាសារបរទេស ។
ឯកឧត្តមនាយក សៅ ដារ៉ាវុធ បានបញ្ជាក់ថា រយៈពេលនៃកិច្ចសហប្រតិបត្តិការរហូមកដល់ពេលនេះជាង ១៧ឆ្នាំហើយ គិតចាប់តាំងពីឆ្នាំ២០០៥មកបច្ចុប្បន្ន ហើយជំនួយជាសម្ភារៈ បម្រើឲ្យការសិក្សា មានភាពចាស់មិនអាចបម្រើទាន់តាមតម្រូវការទៅតាមបច្ចេកវិទ្យានាដំណាក់កាលបច្ចុប្បន្ន និងកង្វះនូវធនធានគ្រូ។ ហើយសម្ភារៈទាំងអស់នេះក្រៅពីការសិក្សា ជំនាញកុំព្យូទ័រ បានចូលរួមធ្វើប័ណ្ណចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ ជូនដល់កងទ័ព ក្រុមគ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានជាង ១៥ម៉ឺនប័ណ្ណផងដែរ ។ សូមជម្រាបថា នៅខែទី៨ ឆ្នាំ២០២២ខាងមុខនេះ សាលានឹងបន្តបើថ្នាក់សិក្សាទាំង ៦មុខ វិជ្ជាឡើងវិញ ។ ជាពិសេសសាលានៅតែបន្តបើកថ្នាក់សិក្សាភាសាកូរ៉េ តាមការអនុញ្ញាតបើកទូលាយនូវការសិក្សាឡើងវិញ គ្រប់គ្រឹះស្ថានឧត្តមសិក្សានៅទូទាំងប្រទេស។ ឯកឧត្តម សៅ ដារ៉ាវុធ សង្ឃឹមថា នាយកប្រតិបត្តិអង្គការ អេជីអឹម នឹងបន្តឧបត្ថម្ភ គាំទ្រដល់កិច្ចដំណើរការរបស់សាលា ក្នុងកម្មវិធីសិក្សាឲ្យបានល្អលើគ្រប់មុខវិជ្ជា និងភាសារបរទេស ឲ្យមានសមត្ថភាពខ្ពស់ដើម្បីមានភាពងាយស្រួលក្នុងការទំនាក់ទំនងគ្នាជាលក្ខណអន្តជាតិ ៕ ប្រភព៖ កងទ័ព