ប្រជាសហគមន៍ការពារធម្មជាតិភូមិទំព័រ កំពុងប្រែក្លាយដំណាំកសិកម្ម ទៅជាមុខរបរស្នូលរបស់ខ្លួន
ពោធិ៍សាត់៖ ភ្នំទំព័រជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិមួយ ដែលមានទីតាំងស្ថិតនៅក្នុង ភូមិទំព័រ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ទីកន្លែងមួយនេះស្ថិតនៅក្នុងដែនជម្រក សត្វព្រៃភ្នំ សំកុសដែលចាត់បញ្ចូលជាតំបន់អភិរក្សធនធានធម្មជាតិជួរភ្នំក្រវាញភាគកណ្ដាលរួមមាន៖ខេត្តពោធិ៍សាត់ កោះកុង និងខេត្តកំពង់ស្ពឺ ដែលមានសក្ដានុពលខាងធនធានធម្មជាតិជីវៈជម្រុះ សត្វព្រៃ និងប្រព័ទ្ធ អេកូឡូស៊ីដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។
នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រទាំងមូលដែលមានផ្ទៃដីសរុបប្រមាណ៤៦០ ហិកតា ។មានសណ្ឋានដីខ្ពស់ទាប មានស្ទឹងមួយ ជាប្រភពទឹកសម្រាប់ផ្គត់ផ្គងដល់ការប្រកបរបរកសិកម្មរបស់ប្រជាសហគមន៍នៅតំបន់ព្រៃភ្នំមួយកន្លែងនេះ។បច្ចុប្បន្នកសិករនៅទីនោះ បាន វិវឌ្ឍន៍ខ្លួនយ៉ាងលឿនជាមួយដំណាំកសិកម្មដែលជាមុខរបរបង្គោលមួយសម្រាប់លើកស្ទួយជីវភាពគ្រួសារ។
លោក ទេស ថន ប្រធានសហគមន៍តំបន់ការពារធម្មជាតិ ភូមិទំព័របាន ឱ្យដឹងថា បច្ចុប្បន្នប្រជាសហគមន៍មានចំនួន១១៦គ្រួសារ និងមាន ប្រជាជនសរុប៤៤៤នាក់។ក្នុងចំណោមនេះពួកគាត់បានប្រកបមុខ របរដំណាំកសិកម្មស្ទើរទាំងអស់ ដោយបានដាំដំណាំច្រើនមុខដូចជា៖ដំឡូង ស្ពៃក្តោ ពោត ល្ហុង ចេក ទុរេន ជាដើម។ក្រៅពីនេះពួកគាត់ រកអនុផលព្រៃឈើដូចជា រកផ្សិត ទឹកឃ្មុំ និងដកហូតក្រវាញមួយ ចំនួនសម្រាប់ធ្វើម្ហូបនិងមួយផ្នែកទៀតបានរៀបចំស្តារដាំរុក្ខជាតិក្រវាញ ដើម្បីយកទៅដាំដុះក្នុងសហគមន៍បន្ថែមទៀតនិងក៏ដូចជាលក់ទៅកាន់តំបន់ផ្សេងទៀត ។
លោកបានឱ្យដឹងដែរថាផលិតផលដំណាំកសិកម្មរបស់ពួកគាត់មិនត្រឹមតែអាចលក់ក្នុងភូមិស្រុកប៉ុណ្ណោះទេ ប៉ុន្តែ នៅអាចយកទៅលក់នៅ ទីរួមខេត្តពោធិ៍សាត់ និងពិសេសអាចនាំចេញទៅបណ្តាខេត្តជាច្រើន នៅក្នុងថែមទៀតផង។
លោកប្រធានសហគមន៍និយាយបន្តថា”សម្រាប់ជម្រើសថ្មីក្នុងការដាំដុះ និងលក់ផលបន្លែនានាបានរួមចំណែកបង្កើនចំណូលដល់ ប្រជាសហគមន៍ឱ្យ ល្អប្រសើរឡើង។មុននេះ ពលរដ្ឋមួយចំនួនដែល ធ្លាប់ តែចូលព្រៃកាប់ព្រៃឈើ និងបរបាញ់សត្វបានផ្លាស់ប្តូរមក ធ្វើ កសិកម្ម និង មួយចំនួនបានទទួលផលពីការធ្វើម្ហូបអាហារ លក់ជូនដល់ ភ្ញៀវទេសចរ”។
លោក កែវ ពក ដែលជាកសិករ ដាំដំណាំច្រើនមុខនៅ ក្នុងសហគមន៍ ដូចជា ស្ពែក្តោប ល្ហុង ពោតនិងដំណាំផ្សេងៗមួយចំនួនទៀត បាន ឱ្យដឹងថា បន្ទាប់ពីលោក ជ្រើសរើសយក ការដាំដំណាំផ្សេងៗ បានធ្វើ ឱ្យជីវភាពរបស់គ្រួសារលោកបានធូរធារជាងមុន ដោយសារតែចំណូល បានច្រើនជាងមុនដែរ។ពេលនេះគាត់បានពង្រីកការ ដាំដំណាំបន្ថែម ទៀតដើម្បីលក់លើទីផ្សារក៏ដូចជាលក់ជូនភ្ញៀវដែលមកកម្សាន្ត។
ប្រជាសហគមន៍ដែលប្រកាន់ខ្ជាប់មុខរបរកសិកម្មជាង១០ឆ្នាំមកនេះបានឱ្យដឹងដែរថានៅពេលនេះដំណាំកសិកម្មដែលទទួលផលហើយក៏ងាយរកទីផ្សារដែរ។រយៈពេលពីរ ឆ្នាំមកនេះទីផ្សារក៏ល្អដែរធ្វើឱ្យគាត់ អាច រកចំណូលបានល្អប្រសើរ និងអាចពង្រីកទីតាំងដំាំដំណាំជា បន្តបន្ទាប់ ។
គួរបញ្ជាក់ថា សហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រប្រជាសហគមន៍ ក្រៅពីមុខរបរកសិកម្មហើយនៅមានជម្រើសបម្រើលើសេវាទេសចរសម្រាប់ផ្គត់ផ្គង់ជីវភាពថែមទៀត។ជាមួយគ្នានៅរមណីយដ្ឋាន ទេសចរណ៍ បែបធម្មជាតិមួយកន្លែងនេះមានសត្វព្រៃជាច្រើនកំពុងរស់នៅ ក្នុងនេះ មាន ដូចជា ស្វា ឈ្លូស ទន្សោង ដំរីនិងសត្វស្លាបជាច្រើនទៀត ដែលពុំ មានអ្នករំខានវាឡើយ។ ធនធានធម្មជាតិត្រូវបានការពារដោយ មន្ត្រី ឧទ្យាននុរក្ស សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជា សហគមន៍ យ៉ាងរឹងមាំ។
សូមរំលឹកដែរថាក្រសួងបរិស្ថាននិងដៃគូកំពុងអនុវត្តគម្រោង និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា ជាមួយគោល បំណងសំខាន់ៗ ដូចជា ៖១)បង្ហាញពីវឌ្ឍនភាព និងផែនការ សកម្មភាព គម្រោង ,២)ពិនិត្យទិដ្ឋភាពជាក់ស្ដែងលើអនុសាសន៍ នានា ដែលជាលទ្ធផលនៃការសិក្សារៀបចំ ចក្ខុវិស័យ និងផែនការវិនិយោគ អេកូទេសចរណ៍ ),៣)បង្ហាញសក្តានុពលសម្រាប់ការ វិនិយោគ អេកូទេសចរណ៍ ប្រកបដោយនិរន្តរភាព និង៤)ស្វែងយល់ពីជីវភាព រស់នៅរបស់ប្រជាសហគមន៍នៅសហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រជាដើម៕ ដោយ៖ ម៉ាដេប៉ូ