បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំត្រួតពិនិត្យកិច្ចការប្រុងប្រៀបបើកវគ្គហ្វឹកហ្វឺន បំប៉ន ជូនយោធិនក្នុងអង្គភាព
កំពង់ធំ ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឧត្ដមសេនីយ៍ទោសោម ស៊ុន បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យនិងពិភាក្សាការងារប្រុងប្រៀប ដើម្បីរៀបចំបើកវគ្គហ្វឹកហ្វឺនរៀនសូត្រ បំប៉នម្ចាស់ការជូនយោធិនក្នុងអង្គភាពរយៈពេលខ្លីមួយវគ្គ និងការហ្វឹកហ្វឺនរៀនសូត្របំប៉នប្រចាំសប្តាហ៍ នៅរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២។
ឧត្ដមសេនីយ៍ត្រី ញូង ធី មេបញ្ជាការរងនាយសេនាធិការ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាន រាយការណ៍អំពីផែនការប្រុងប្រៀប បើកវគ្គហ្វឹកហ្វឺនរៀនសូត្រ បំប៉នម្ចាស់ការរយៈពេលខ្លី ដែលមានសិក្ខាកាម ចូលរួមចំនួន ១០៧នាក់ សិក្សាក្នុងរយៈពេល ២០ថ្ងៃ ដែលត្រូវបើកវគ្គហ្វឹកហ្វឺននៅទីតាំងកងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយស្រង់យកខ្លឹមសារឯកសារសំខាន់ៗ ដើម្បីហ្វឹកហ្វឺននិងរៀនសូត្រ ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ដោយអនុវត្តន៍តាមបទបញ្ជាហ្វឹកហ្វឺនបំប៉ន កងកម្លំាងជូនយោធិនក្នុងអង្គភាព របស់ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការយោធភូមិភាគទី៤ ដែលត្រូវបានបែងចែកជាពីរផ្នែក ទី១ ត្រូវបើកវគ្គហ្វឹកហ្វឺនបំប៉នប្រមូលផ្ដុំមួយវគ្គមានរយៈពេល ២០ថ្ងៃ សមាសភាពចូលរួមរៀនសូត្រខ្លឹមសារហ្វឹកហ្វឺនគ្រូយោធាចារ្យ ទីកន្លែងនិងកិច្ចការធានាហូបចុកស្នាក់នៅ ធានាបានសុខភាពនិងអនុវត្តន៍នូវវិធានការ ការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ -១៩ ។ ទី២ ចាត់តាំងហ្វឹកហ្វឺនរៀនសូត្រ នៅនឹងកន្លែងតាមបណ្ដាកងឯកភាពនីមួយៗ ដោយក្នុងមួយសប្ដាហ៍ ត្រូវហ្វឹកហ្វឺននិងរៀនសូត្ររយៈពេលពីរថ្ងៃ ដោយរៀបចំខ្លឹមសារនិងផែនការហ្វឹកហ្វឺនរៀនសូត្រឲ្យបានត្រឹមត្រូវ និង បានប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំ និងការិយាល័យពាក់ព័ន្ធ ព្រមទាំងមេបញ្ជាការ គ្រប់កងឯកភាពត្រូវរៀបចំប្រុងប្រៀបកម្មវិធីបើកវគ្គហ្វឹកហ្វឺនបំប៉នម្ចាស់ការជូនយោធិនក្នុងអង្គភាព ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ក្រៅពីភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដីនិង សហប្រតិបត្តិការ រក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ការងារហ្វឹកហ្វឺនរៀនសូត្រអប់រំចិត្តសាស្ត្រ គឺជាភារកិច្ចសំខាន់ចំពោះមុខ របស់កងយោធពលខេមរភូមិន្ទ ដូច្នេះថ្នាក់ដឹកគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់កងឯកភាព និង ស្ថាប័នជំនាញហ្វឹកហ្វឺនត្រូវធ្វើជាសេនាធិការក្នុងការអនុវត្តន៍ តាមបទបញ្ជាហ្វឹកហ្វឺននិងរៀនសូត្រអប់រំចិត្តសាស្ត្រជូនកងទ័ព របស់ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងឯកឧត្ដមមេបញ្ជាការយោធភូមិ ភាគទី៤ ឲ្យទទួលបានជោគជ័យ ៕
ដោយ ប៊ុន រដ្ឋា