លទ្ធផលនៃកិច្ចប្រជុំលើកទី១៤នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ឡាវ

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួម និងធ្វើជាសហប្រធាននៃ កិច្ចប្រជុំលើកទី១៤នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ ២០២២ នៅរាជធានី ភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី៧ខែកក្កដាឆ្នាំ២០២២បានបញ្ជាក់ថា មុនពេលកិច្ចប្រជុំ ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត បានចូលជួបសម្តែងការគួរសមជាមួយ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា។ ឯកឧត្តម បានសម្តែងនូវការ អបអរសាទរចំពោះ ជោគជ័យដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុង ការ បោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ លើកទី ៥ កាល ពីថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២២។

ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត បាន ពាំនាំនូវ ការថ្លែងអំណរគុណ របស់ ឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ជូនចំពោះ សម្តេចតេជោនាយក រដ្ឋមន្ត្រី សម្រាប់ការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងគ្រឿងបរិក្ខារពេទ្យ ដល់ប្រទេសឡាវ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងបានគូសបញ្ជាក់ នូវការគាំទ្រយ៉ាងពេញទំហឹងរបស់ឡាវ សម្រាប់ ការ ធ្វើជាប្រធានអាស៊ានរបស់កម្ពុជានៅឆ្នាំ ២០២២ នេះផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះ ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី បន្ថែមលើមុខតំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសនាពេលបច្ចុប្បន្ន។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវ ការពេញចិត្តចំពោះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់រវាង ប្រទេសទាំងពីរ និងបានផ្តល់អនុសាសន៍ឱ្យភាគីទាំងពីរបន្តលើកកម្ពស់ ទំនាក់ទំនងនេះឲ្យកើនឡើងដល់ កំរិតខ្ពស់ជាងនេះទៀត។

នៅក្នុងកិច្ចប្រជុំ JCBC លើកទី ១៤ ឯកឧត្តម ប្រាក់ សុខុន និង ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត បានពិនិត្យ មើលអំពីវឌ្ឍនភាពនៃ ការអនុវត្តកំណត់ហេតុនៃកិច្ចប្រជុំ JCBC លើកទី ១៣ ក៏ដូចជាសេចក្តី សម្រេចនានារបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដោយផ្ទៀងផ្ទាត់លើ គ្រប់ទិដ្ឋភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន នយោបាយ-សន្តិសុខ សេដ្ឋកិច្ច សង្គម កិច្ចសហប្រតិបត្តិការអនុតំបន់ និងតំបន់ ក៏ដូចជាការស្វែងរកវិស័យសក្តានុពលសម្រាប់ កិច្ចសហប្រតិបត្តិការ នាពេលអនាគត។

រដ្ឋមន្ត្រីការបរទេសទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះការលើកកម្ពស់កម្រិតទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងឡាវ ទៅជាភាពជាដៃ គូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង កាលពីឆ្នាំ ២០១៩ និងបានលើកឡើងពីលទ្ធផលដោយជោគជ័យនៃការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់នាពេលថ្មីៗនេះរវាងប្រទេសទាំងពីរ ។ ភាគីទាំងពីរ បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងភាព ជាដៃគូឱ្យ កាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីលើកកម្ពស់ការអភិវឌ្ឍជាតិ និង សុខុមាលភាពរបស់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងដើម្បី ដោះស្រាយ បញ្ហាប្រឈមក្នុងតំបន់ និងសកលលោកដ៏គួរឲ្យព្រួយ បារម្ភនាពេលបច្ចុប្បន្ន ជាពិសេសជំងឺរាតត្បាតកូវីដ-១៩ ការស្តារ សេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត និងការរួមគ្នាលើកកម្ពស់ សន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុង និងក្រៅសហគមន៍អាស៊ាន។

សម្រាប់កិច្ចសហប្រតិបត្តិការនយោបាយ ភាគីទាំងពីរបានសម្ដែង នូវការពេញចិត្តចំពោះវឌ្ឍនភាពនៃការបញ្ចប់ «សេចក្តីព្រាងផែនការ សកម្មភាពសម្រាប់ភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ឆ្នាំ ២០២៣-២០២៧» រវាងប្រទេសទាំងពីរ ដែលនឹងត្រូវចុះហត្ថលេខា ក្នុងឱកាសគម្រោងដំណើរទស្សនកិច្ច របស់ សម្តេច តេជោនាយក រដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេស ឡាវ នាដើមឆ្នាំ២០២៣ ខាងមុខនេះ។

អង្គប្រជុំបានឯកភាពបន្តរក្សាដំណើរ ទស្សនកិច្ច និងកិច្ចប្រជុំជាប្រចាំ រវាងថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន និង ទំនាក់ទំនង រវាង ប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ដើម្បីជំរុញកិច្ច សហប្រតិបត្តិការ លើវិស័យនានា ក៏ដូចជាដើម្បីពង្រឹង ទំនាក់ ទំនងមិត្តភាពជាប្រពៃណីកម្ពុជា-ឡាវផងដែរ ។

សម្រាប់វិស័យការពារជាតិ និងសន្តិសុខ ភាគីទាំងពីរបានព្រមព្រៀងគ្នា បង្កើនការត្រួតពិនិត្យ ព្រំដែននៅក្នុងដែនដីរៀងៗខ្លួន និងចាត់វិធានការ ឲ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់នូវរាល់បទល្មើស ព្រហ្មទណ្ឌ គ្រប់ ប្រភេទ តាមរយៈសកម្មភាពយាមល្បាត ដើម្បីទប់ស្កាត់ ត្រួតពិនិត្យ និងបង្រ្កាបបទ ល្មើស ធនធានធម្មជាតិ ការកាប់ឈើ និងបរបាញ់ខុសច្បាប់ និងបទល្មើសផ្សេងៗទៀតនៅ តាមបណ្ដោយ ព្រំដែនរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានពិភាក្សា និងឯកភាពគ្នា លើចំណុចសកម្មភាពជា ច្រើន ពាក់ព័ន្ធនឹងកិច្ចការព្រំដែន

ជាពិសេសការជំរុញឲ្យភាគីទាំងពីរ ពន្លឿនការបញ្ចប់ការចរចា ពាក់ព័ន្ធនឹងផ្នែកមួយនៃខ្សែព្រំដែនដែលមិនទាន់បោះបង្គោលចំនួន១៤ភាគរយដើម្បីធ្វើការកសាងខ្សែបន្ទាត់ព្រំដែនរវាង ប្រទេស ទាំងពីរ។

សម្រាប់វិស័យសេដ្ឋកិច្ច ភាគីទាំងពីរបានកត់សម្គាល់ដោយការ ពេញ ចិត្តចំពោះការកើនឡើងនៃពាណិជ្ជកម្មទ្វេភាគីក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីជាមានជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ។

អង្គប្រជុំបានឯកភាពលើសារសំខាន់នៃការធ្វើការឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ នេះ រួមទាំងការ រៀបចំ សកម្មភាពរួមគ្នា ដូចជា ការផ្គូផ្គងធុរកិច្ច ការតាំងពិព័រណ៍ និង សិក្ខាសាលា ដើម្បីលើកកម្ពស់កាលានុវត្តភាពពាណិជ្ជកម្មរវាងកម្ពុជា និងឡាវទន្ទឹមនឹងការជំរុញសកម្មភាពវិនិយោគទៅវិញទៅមករវាងប្រទេសទាំងពីរ។

សម្រាប់វិស័យអប់រំភាគីទាំងពីរបានកត់សម្គាល់អំពីកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់និងបានលើកទឹកចិត្តឲ្យពន្លឿនការអនុវត្តកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំសម្រាប់ឆ្នាំ ២០១៩-២០២៣និងការបន្តអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិ-ការក្នុងវិស័យកីឡា។

សម្រាប់វិស័យទេសចរណ៍ភាគីទាំងពីរបានស្វាគមន៍ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ កាលពីខែមករា ឆ្នាំ២០២២ កន្លងទៅ និងបានលើកទឹក ចិត្តឲ្យមានការចាប់ផ្តើមនៃកិច្ចប្រជុំក្រុមការងារទេសចរណ៍ចម្រុះលើកទី១ នៅកម្ពុជា ក្នុងឆ្នាំ២០២២ នេះ។

អង្គប្រជុំក៏បានពិភាក្សា និងរិះរកមធ្យោបាយនានា ក្នុងការពង្រឹងបន្ថែម ទៀតនូវកិច្ចសហ-ប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេងទៀតផងដែរ រួមមាន៖ វិស័យហិរញ្ញវត្ថុ វប្បធម៌ ការងារ សុខាភិបាល ឧស្សាហកម្ម ថាមពល កសិកម្ម បរិស្ថាន ដឹកជញ្ជូន ព័ត៌មាន ទូរគមនាគមន៍និង ព័ត៌មានវិទ្យា វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ និងការតភ្ជាប់រវាង ប្រជាជននិងប្រជាជន។

សម្រាប់កិច្ចសហប្រតិបត្តិការអនុតំបន់ និងតំបន់ រដ្ឋមន្ត្រីការបរទេស ទាំងពីរ បានឯកភាពពង្រឹងកិច្ចសហការ និងការគាំទ្រគ្នាទៅវិញ ទៅមកនៅក្នុងអង្គការអន្តរជាតិ តំបន់ និងអនុតំបន់នានា ដែល ប្រទេស ទាំងពីរជាសមាជិក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាលើមសៃ គុំម៉ាស៊ីត បានគូសបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹង របស់ឯកឧត្តម និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងតួនាទីជាប្រេសិត ពិសេស របស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ក៏ដូចជាលទ្ធផលជាផ្លែផ្កា ដែលទទួលបានកន្លងមក។

កិច្ចប្រជុំលើកទី១៤នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការ ទ្វេភាគី (JCBC) ត្រូវបានបញ្ចប់ដោយ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ ដែលនឹងក្លាយជាផែនទី ចង្អុលផ្លូវសម្រាប់ប្រទេសទាំងពីរ ក្នុងការធ្វើការរួមគ្នាដើម្បីលើកស្ទួយ ភាពជាដៃគូដែលមានស្រាប់ឲ្យកើនឡើងទៅកម្រិតថ្មីមួយទៀត។ ភាគីទាំងពីរក៏បានឯកភាពរៀបចំកិច្ចប្រជុំ JCBC លើកទី១៥ នៅឆ្នាំ ២០២៤ នៅប្រទេសឡាវ ផងដែរ៕ ដោយ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner