ក្រសួងមហាផ្ទៃព្រមានគណបក្សភ្លើងទៀនដែលមិនអនុវត្តតាមច្បាប់គណបក្សនយោបាយ (Video Inside)
ក្រសួងមហាផ្ទៃ បានព្រមានគណបក្សភ្លើងទៀនសាជាថ្មីម្តងទៀតជុំវិញការអនុវត្តឱ្យបានត្រឹម ត្រូវតាមច្បាប់ស្តីពីគណបក្សនយោបាយ។
យោងតាមច្បាប់នោះ, គណបក្សនយោបាយ នីមួយៗ ត្រូវបានតម្រូវឲ្យផ្ញើនូវប្រវត្តិរូបនៃថ្នាក់ដឹកនាំទាំងអស់របស់ខ្លួនឲ្យបានច្បាស់លាស់ មកតម្កល់ទុកនៅក្រសួងមហាផ្ទៃ។ ប៉ុន្តែគណបក្សភ្លើងទៀន ដែលតែងតាំងលោកសុនឆ័យជា អនុប្រធាននោះ ត្រូវមន្ត្រីក្រសួងមហាផ្ទៃបញ្ជាក់ថាមិនទាន់បានបញ្ជូនឯកសារបញ្ជាក់ ដូចតាម អ្វីដែលច្បាប់ដែលកំណត់នោះឡើយ។
ក្រសួងមហាផ្ទៃមុននេះ បានប្រាប់គណបក្សភ្លើងទៀនថា ការសម្រេចតែងតាំងលោក សុន ឆ័យ ជាអនុប្រធានគណបក្សភ្លើងទៀន កន្លងមកនេះ គឺ ជាការអនុវត្តផ្ទុយនឹងប្រការ២០និងប្រការ៣៣ នៃលក្ខន្តិកៈគណបក្ស។
ប៉ុន្តែអនុប្រធានគណបក្ស លោក ថាច់ សេដ្ឋា បានអះអាងថា ការតែងតាំងលោក សុន ឆ័យ ជាអនុប្រធានគណបក្ស បានធ្វើដោយគណៈកម្មការនាយកគណបក្ស, ដែលការបកស្រាយនោះ ត្រូវគេចាត់ទុកថាខុស នឹងច្បាប់ ដោយសារតែការតែងតាំង ត្រូវធ្វើតាមរយៈសមាជ យោងតាមច្បាប់បានកំណត់។ នៅជាមួយនឹងការអះអាងនោះទៀត ឯកសារបញ្ជាក់ទាំងអស់ ពាក់ព័ន្ធនឹងរឿងលោក សុន ឆៃ នៅមិនទាន់បានបញ្ជូនមកក្រសួងមហាផ្ទៃឡើយ។
លិខិត ព្រមានរបស់សម្តេចក្រឡាហោម ស ខេង ថ្ងៃទី៧កក្កដា បានប្រាប់ប្រធានគណបក្ស ភ្លើងទៀន លោក ទាវ វណ្ណុល ថា «ក្រសួងមហាផ្ទៃសូមធ្វើការរំលឹកជាថ្មីចំពោះគណបក្សភ្លើងទៀន ត្រូវធ្វើការពិនិត្យនិងយកចិត្តទុកដាក់ក្នុងការអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌកំណត់ ក្នុង ប្រការ២០, ប្រការ៣១, ប្រការ៣៣ និងប្រការ៥៣ នៃលក្ខន្តិកៈគណបក្ស ដែលបានតម្កល់ ទុកនៅក្រសួងមហាផ្ទៃ»។ លិខិតដដែលបានព្រមានគណបក្សភ្លើងទៀនថា « ត្រូវបំពេញ កាតព្វកិច្ចតាមលក្ខខណ្ឌកំណត់ដោយបទប្បញ្ញត្តិនៃច្បាប់ស្តីពីគណបក្សនយោបាយ»។