ស្ត្រីម្នាក់បើករថយន្ត ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ រថយន្ត lexus GS-300 មួយគ្រឿងបើកបរដោយស្ត្រីម្នាក់ខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យជ្រុលចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវចំកណ្ដាលទ្រូងផ្លូវ រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១០ និង ៣០ នាទីយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២២ នៅត្រង់ចំណុចមុខភោជនីយដ្ឋាន ថ្មដា តាមបណ្ដោយផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ 7 មករា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុឃើញស្ត្រីម្នាក់បើករថយន្តម៉ាក lexus GS-300 មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BE-6795ធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ដោយសារតែរបាំងថ្មពុះចែកទ្រូងផ្លូវត្រូវបានខាងក្រសួងសាធារណការ រំកឹលមកផ្លូវម្ខាងទៀត ដើម្បីធ្វើការអ៊ុតផ្លូវ ដោយបង្គោលភ្លើងនៅចំកណ្ដាលទ្រូងផ្លូវ ក៏ជ្រុលចង្កូតទៅបុកពេញទំហឹងបណ្ដាលឲ្យបង្គោលភ្លើងកំពិតនឹងទ្រេត ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕ ដោយ ៖ ជីមភារ៉ា