រថយន្តកាមរីបាឡែន បុករះរបាំងចែកទ្រូងផ្លូវជាង ១០កង់ និងបង្គោលភ្លើងមួយដើមរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបានបើករថយន្ត កាមរីបាឡែន មួយគ្រឿងបោះពួយក្នុងល្បឿនលឿនជ្រុលទៅបុករះរបាំងជ័រពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតអស់ ១៤កង់ និងបង្គោលភ្លើងបំភ្លឺផ្លូវ១ដើមរងការខូចខាត កាលពីវេលាម៉ោង ២យប់រំលងអាធ្រាតឈានចូលថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២២ នៅមុខព្រលានយន្តហោះពោចិនតុង តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុឃើញបុរសម្នាក់បើករថយន្តកាមរី បាឡែន មួយគ្រឿងពណ៌ស្កពាក់ស្លាកលេខភ្នំពេញ2T-8295ធ្វើដំណើរទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើសង្ស័យស្រវឹងស្រាខ្លាំងបានរេចង្កូតនៅខាងឆ្វេងដៃបុករះរបាំជ័រពុះចែកទ្រូងផ្លូវបណ្ដាលឲ្យប៉ើងរប៉ាត់រប៉ាយរងការខូចខាតអស់ ១៤កង់ រួមនឹងបង្គោលភ្លើងមួយដើមបណ្ដាលឲ្យទ្រេត ចំណែករថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលេងរួច។រីឯអ្នកបើកបរត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕ ដោយ ៖ ជីម ភារ៉ា