លោក ពូទីន៖ ការចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែនកាន់តែលំបាកជាមួយពេលវេលា
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថ្លែងថា ប្រទេសរបស់លោកបើកទូលាយសម្រាប់កិច្ចចរចាសន្តិភាព ហើយការចរចាជាមួយអ៊ុយក្រែននឹងកាន់តែលំបាក ជាមួយនឹងពេលវេលាដែលកន្លងផុតទៅ។
ក្នុងកំលុងកិច្ចប្រជុំជាមួយមេដឹកនាំរដ្ឋឌូម៉ា និងមន្ត្រីជាន់ខ្ពស់ដទៃទៀត លោក ពូទីន បានបញ្ជាក់ថា យើងមិនបដិសេធការចរចាសន្តិភាពទេ ប៉ុន្តែអ្នកដែលបដិសេធគួរតែដឹងថា ការខ្ជះខ្ជាយពេលវេលាកាន់តែច្រើនរបស់ពួកគេ វានឹងកាន់តែលំបាកសម្រាប់ពួកគេក្នុងការចរចាជាមួយយើង។ បន្ថែមលើនេះ លោក ពូទីន ក៏បានអះអាងដែរថា លោកខាងលិចដែលដឹកនាំដោយសហរដ្ឋអាមេរិកបានឈ្លានពានយ៉ាងខ្លាំងចំពោះប្រទេសរុស្ស៊ីអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
ប្រធានាធិបតីរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ថា សំណើរបស់យើងក្នុងការបង្កើតប្រព័ន្ធសន្តិសុខស្មើភាពគ្នានៅអឺរ៉ុបត្រូវបានច្រានចោល។ គំនិតផ្តួចផ្តើមសម្រាប់ការងាររួមគ្នាលើបញ្ហាការពារមីស៊ីលត្រូវបានច្រានចោល។ ការព្រមានអំពីការមិនអាចទទួលយកបាននៃការពង្រីកខ្លួនរបស់អង្គការណាតូមិនត្រូវបានអើពើ។ លោកថា ការប៉ុនប៉ងរបស់បណ្តាប្រទេសលោកខាងលិចក្នុងការដាក់បទបញ្ជាថ្មីលើពិភពលោកនឹងត្រូវបរាជ័យ៕ ប្រភព៖ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា