រុស្ស៊ីចោទអ៊ុយក្រែនថា មានមហិច្ឆតាយោធានិយម ហើយបានដើរថយក្រោយការឈានដល់កិច្ចព្រមព្រៀងសន្តិភាព
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡារូវ និងសមភាគីតួកគីលោក ម៉េវលូដ សូគ្លូ បានជួបពិភាក្សាគ្នាក្នុងប្រទេសឥណ្ឌូនេស៊ី នៅខាងក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G20 ដែលកំពុងប្រព្រឹត្តទៅនៅកោះបាលី រយៈពេល២ថ្ងៃ គឺថ្ងៃព្រហស្បតិ៍ និងសុក្រសប្តាហ៍នេះ។
ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រមុខការទូតទាំងពីរបានផ្លាស់ប្តូរទស្សនៈជាចម្បងទៅលើស្ថានភាពនៅអ៊ុយក្រែនក្នុងអំឡុងកិច្ចពិភាក្សារបស់ពួកគេនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ សេចក្តីថ្លែងការណ៍បន្តថា អ៊ុយក្រែន ដោយមានការគាំទ្រពីលោកខាងលិចបានបង្ហាញ មហិច្ឆតាយោធានិយម ហើយបានព្យាយាមដើរថយក្រោយ ការឈានដល់កិច្ចព្រមព្រៀងសន្តិភាពពីមុន។
លោក ឡារូវ បានសង្កត់ធ្ងន់ក្នុងអំឡុងកិច្ចពិភាក្សាខាងលើថា រុស្ស៊ីមិនអាចអត់ឱនចំពោះទង្វើបែបនេះបានទេ។ ជាងនេះទៅទៀត ក្រសួងការបរទេសរុស្ស៊ីក៏បានរិះគន់អ៊ុយក្រែនជាឯកតោភាគី ចំពោះការងាកចេញពីកិច្ចព្រមព្រៀងដែលបានសម្រេច ក្នុងអំឡុងកិច្ចចរចាលើបទឈប់បាញ់ក្នុងខែមីនា ដែលត្រូវបានសម្រុះសម្រួលដោយតួកគីផងដែរ។
នាឱកាសនោះដែរ លោក ឡារូវ និងលោក ម៉េដលូដ ក៏បានពិភាក្សាអំពីបញ្ហាប្រឈមអន្តរជាតិ ដូចជាអន្តរកម្មរវាងរុស្ស៊ី និងតួកគីក្នុងសមុទ្រខ្មៅ។ បញ្ហានោះគឺការដឹកជញ្ជូនគ្រាប់ធញ្ញជាតិតាមផ្លូវសមុទ្រពីអ៊ុយក្រែន។ បើតាមក្រសួងការបរទេសរុស្ស៊ី រដ្ឋមន្ត្រីទាំងពីរបានបញ្ជាក់ថា ការត្រៀមរៀបចំនឹងបន្តធ្វើឡើងសម្រាប់ជំនួបកំពូលរវាងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីតួកគីលោក តាយយីប អឺដូហ្គាន់៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា