គណៈវិស្វករកម្ពុជា បើកវគ្គបណ្តុះបណ្តាលស្តីពីការកែលម្អរបៀបធ្វើការងារនៅតាមការដា្ឋនសំណង់ខ្នាតធំ

ភ្នំពេញ៖ គណៈវិស្វករកម្ពុជា បានបើកវគ្គបណ្តុះបណ្តាល ស្តីពីការកែលម្អរបៀបធ្វើការងារនៅតាមការដា្ឋនសំណង់ខ្នាតធំ នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា ដោយមានការចូលរួមពីឯកឧត្តម យី កន្និដ្ឋា ទីប្រឹក្សាអមក្រសួង និងជាអនុប្រធាននាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោកស្រី ប៉ោ ដួង មន្ត្រីគម្រោងអង្គការពលកម្មអន្តរជាតិ (ILO/Japan OSHproject) និងសិក្ខាមប្រមាណ ២៥០នាក់។

លោកជំទាវ ខៃ្វ សុភាព អគ្គលេខាធិការរងនៃគណៈវិស្វករកម្ពុជា បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងជាជំនួយ ដើម្បីបង្កើនសមត្ថភាពការងារ និងបទពិសោធន៍ថ្មីៗជូនវិស្វករជាតិយើង អំពីបទដ្ឋានគតិយុត្តិទាក់ទងនឹងសុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង់ គោលនយោបាយស្តីពីសុខភាព និងសុវត្ថិភាពនៅកន្លែងធ្វើការ សុវត្ថិភាពគ្រឿងម៉ាស៊ីន បរិស្ថាន រូបសាស្ត្រ ការរៀបចំគ្រឿងសម្រួលសុខុមាលភាព និងការរៀបចំរបៀបធ្វើការងារតាមការដ្ឋានសំណង់។

ឯកឧត្តម សុខុម រិទ្ធីវុធ បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស សម្តេចតេជោ ហ៊ុន សែន បានចាត់វិធានការទាន់ពេលវេលា និងចំគោលដៅក្នុងការទប់ស្កាត់ និងបង្កមហន្តរាយជាសាកល គឺការរីករាលដាលនៃជំងឺកូវីដ19 តាមរយៈវិធានចាំបាច់ ៣កុំ ៣ការពារ និងការស្វះស្វែងរកថ្នាំបង្កាចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ទាំងដូសមូលដ្ឋាន និងដូសជម្រុញ ដែលអនុញ្ញាតិឱ្យយើងមានលទ្ធភាពប្រមូលផ្ដុំគ្នារៀបចំកម្មវិធីដ៏ឧឡាឬកនាថ្ងៃនេះ។

ឯកឧត្តម បានលើកឡើងថា តាមរបាយការណ៍របស់អង្គការពលកម្ម អន្តរជាតិ (ILO) ឆ្នាំ២០២២ តួលេខអ្នកស្លាប់ប្រមាណ ៣លាននាក់ នៅទូទាំងពិភពលោក ដោយសារគ្រោះថ្នាក់ការងារ និងជំងឺការងារនៅកន្លែងធ្វើការ និងតាមរបាយការណ៍របស់បេឡា ជាតិសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២១ បានបង្ហាញថា គ្រោះថ្នាក់ការងារ មានចំនួនសរុប ១១,២៥៨នាក់ ដែលក្នុងនោះគ្រោះថ្នាក់នៅកន្លែងធ្វើការ មាន ចំនួន ៥,៧២៨នាក់ និងគ្រោះថ្នាក់ពេលធ្វើដំណើរមានចំនួន ៥,៥៣៣នាក់។

របាយការណ៍នេះ បានបង្ហាញឱ្យដឹងថា គ្រោះថ្នាក់ការងារ និងជំងឺការងារនៅកន្លែងធ្វើការ បណ្តាលឱ្យបាត់បង់ ធនធានបញ្ញាវន្តជាច្រើន ដែលជាតម្រូវការចាំបាច់ក្នុងការអភិវឌ្ឍជាតិ ដូច្នេះក្នុងនាមជាអ្នកគ្រប់គ្រង និងអ្នកប្រតិបត្តិត្រូវតែយល់ដឹង អំពីបទដ្ឋានគតិយុត្ត និងគោលនយោបាយស្តីពីសុខ ភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង់ ធ្វើយ៉ាងណាឱ្យអត្រាមរណៈដោយគ្រោះថ្នាក់ ការងារ និងជំងឺការងារនៅកន្លែងធ្វើការថយចុះទាបបំផុត។

ឯកឧត្តម សុខុម រិទ្ធីវុធ បានបន្តថា គណៈវិស្វករកម្ពុជា គឺជាអាជ្ញាធរវិស្វកម្មជាតិ ដែលត្រូវបានបង្កើតឡើងស្របទៅនឹងការវិវឌ្ឍន៍ សង្គម សេដ្ឋកិច្ច និងកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកក្នុងតំបន់អាស៊ាន ក្នុងគោលបំណងប្រមូលផ្ដុំធនធានបញ្ញាវន្តវិស្វករចុះបញ្ជី គ្រប់គ្រង និងការអភិវឌ្ឍសមត្ថភាពប្រតិបត្តិវិជ្ជាជីវៈឱ្យកាន់តែប្រសើឡើង ឈានទៅសមាហរន្តកម្មសេវាកម្មវិស្វកម្មក្នុងតំបន់ និងសកលភាវូន័យកម្ម។ ដោយមានការគាំទ្រដ៏ថ្លៃថ្លាពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា និងក្រោមការចង្អុលបង្ហាញ របស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជា ប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា អគ្គលេខាធិការដ្ឋានមានឱកាសពេញលេញក្នុងការបំពេញ តួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយភាពទទួលខុសត្រូវ។

គណៈវិស្វករកម្ពុជា ជាសមាជិកគណៈកម្មាធិការសម្របសម្រួលវិស្វករអាជីពឆ្នើមអាស៊ាន (ASEAN Chartered Professional Engineer Coordinating Committee (ACPECC) អង្គការសហព័ន្ធវិស្វកម្មអាស៊ាន (ASEAN Federation of Engineers Organisations (AFEO) ដែលផ្តល់លទ្ធភាពឱ្យវិស្វករចុះបញ្ជីនៅគណៈវិស្វករម្ពុជា មានឱកាសធ្វើចលទ្ធភាពក្នុងតំបន់តាម រយៈការទទួលបាននូវគោរម្យងារជាវិស្វកអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ាន។ មិនតែប៉ុណ្ណោះ គណៈវិស្វករកម្ពុជា ជាសមាជិកស្ថាប័នសហព័ន្ធវិស្វកម្មអាស៊ី និងប៉ាស៊ីហ្វីក (Federation of Engineering Institutions of Asia and the Pacific (FEIAP)) ដែលជាស្ថាបន្តវាយតម្លៃកម្មវិធីសិក្សា វិស្វកម្មអន្តរជាតិមួយ អាចជួយឱ្យការបណ្តុះបណ្តាលវិជ្ជាជីវៈវិស្វកម្មក្នុងប្រទេសមានការទួលស្គាល់ ជាសកលបាន នេះជាគោលបំណងរបស់គណៈវិស្វករកម្ពុជានាពេលអនាគត។

ឆ្លៀតឱកាសនេះ ឯកឧត្តម ក៏បានណែរនាំឱ្យសិក្ខាកាមទាំងអស់ ត្រងត្រាប់នូវរាល់ខ្លឹមសារនៃបទបង្ហាញ ដើម្បីទទួលបាននូវបទពិសោធន៍ថ្មីៗ យកទៅអនុវត្តន៍ក្នុងពេលប្រតិបត្តការវិជ្ជាជីវៈរបស់ខ្លួន ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner