មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត បានរៀបចំផ្សព្វផ្សាយច្បាប់ភូមិបាល ដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅស្រុកវ៉ារិនខេត្តសៀមរាប
សៀមរាប៖ ការផ្សព្វផ្សាយច្បាប់ភូមិបាលនេះ មានគោលដៅកំណត់អំពីរបបកម្មសិទ្ធិលើអចលនវត្ថុទាំងឡាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងធានាការពារសិទ្ធិនៃកម្មសិទ្ធិ និងសិទ្ធិផ្សេងៗទៀតលើអចលនវត្ថុស្របតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជម្រុញឲ្យបងប្អូនប្រជាពលរដ្ឋមានការយល់ដឹងកាន់តែខ្ពស់ថែមទៀត។
ពិធីផ្សព្វផ្សាយនេះ បានប្រព្រឹត្តិទៅ ដោយមានវត្តមានចូលរួមពីសំណាក់លោក ធិននី វិធូរ អភិបាលស្រុកវ៉ារិន លោក លឹម ភក្តី ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប និង មន្ទីរអង្គភាពពាក់ព័ន្ធនានា ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋប្រមាណជា ២២៩នាក់ បានចូលរួម នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅក្នុងសាលប្រជុំសាលាស្រុកវ៉ារិន ខេត្តសៀមរាប។
លោក ធិននី វិធូរ អភិបាលស្រុកវ៉ារិន បានជម្រុញឲ្យបងប្អូនប្រជាពលនៅតាមមូលដ្ឋានត្រូវចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅភូមិ ឃុំ ស្រុក ឬក៏ដាក់ពាក្យស្នើរសុំទៅអាជ្ញាធរពាក់ព័ន្ធ ដើម្បីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋដែលជាម្ចាស់ដីផ្ទាល់តែម្តង ហើយមានសិទ្ធិកាន់កាប់ដីនោះដោយស្របច្បាប់ជាធរមាន ។ ប្រសិនបើបងប្អូនមិនយល់ពីច្បាប់ភូមិបាលអាចទំនាក់ទំនងទៅអាជ្ញាធរ ដែលបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិ ឃុំ ស្រុក ឬក៏ទាក់ទងទៅកាន់មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប ដើម្បីចុះបញ្ជីដីធ្លីសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ក្នុងលក្ខណ:ជាប្រព័ន្ធ ដើម្បីទទួលបានដីស្របច្បាប់ ជាម្ចាស់កម្មសិទ្ធិផងដែរ។
លោក លឹម ភក្តី ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប បានបង្ហាញថា ការងារផ្សព្វផ្សាយច្បាប់ភូមិបាលទាំងអស់នេះ គឺជាទិសដៅរបស់រាជរដ្ឋាភិបាល ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ និងអនុវត្តចំពោះការចុះបញ្ជីដីធ្លីជាលក្ខណ:ប្រព័ន្ធក្នុងការទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី យើងអាចយកទៅប្រើប្រាស់ក្នុងការដាក់បញ្ចាំ ឬដាក់ធានាគារ ដើម្បីលើកស្ទួយជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋរៀងៗខ្លួនឱ្យកាន់តែល្អប្រសើរឡើងថែមទៀត និងធានាបានសុវត្ថិភាពក្នុងការកាន់កាប់ប័ណ្ណកម្មសិទ្ធិជាម្ចាស់ដីពិតប្រាកដ ហើយគ្មានជនណាម្នាក់អាចមករំលោភបំពាន ឬធ្វើការដកហូតបានឡើយ បើការដកហូតនោះមិនទាន់បានផ្តល់សំណងសមរម្យ និងយុត្តិធម៌ទេនោះ។
លោក បញ្ជាក់ទៀតថា
នៅពេលដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ គឺជាឯកសារគតិយុត្តមួយដែលគ្មានអាជ្ញាយុកាល និងមានតំលៃសំរាប់រដ្ឋ ក៏ដូចជាប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ដីទទួលបាននូវសារៈប្រយោជន៍ដូចជា- រដ្ឋគ្រប់គ្រងដីធ្លីទាំងដីរដ្ឋ និងដីឯកជនងាយស្រួលក្នុងការងាររៀបចំដែនដី និងរដ្ឋបាលដីធ្លីការ ដើម្បីបែងចែកដី ការលើកស្ទួយកំរិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយបាននូវទំនាស់ដីធ្លី- ធានាសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់បងប្អូនប្រជាពលរដ្ឋ- ទទួលបាននូវសិទ្ធិស្របច្បាប់ក្លាយជាម្ចាស់ដីពិតប្រាកដដែលត្រូវបានការពារដោយច្បាប់ និង ធានាដោយរដ្ឋ- ប្រជាពលរដ្ឋអាចប្រើប្រាស់ប័ណ្ណកម្មសិទ្ធិដីធ្លីដើម្បីផលប្រយោជន៍ផ្សេងៗ ក្នុងការប្រកបមុខរបរ ឬអាជីវកម្មលើដីធ្លីរបស់ខ្លួនដោយគ្មានការព្រួយបារម្ភឡើយ ៕ ដោយ ស៊ាន សុផាត









