រដ្ឋមន្ត្រីការបរទេសអាស៊ាន ផ្ញើសាររំលែកទុក្ខចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ព្រមទាំងក្រុមគ្រួសាររបស់ឯកឧត្តម ស៊ីនហ្សូ អាបេ

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន ផ្ញើសាររំលែកទុក្ខចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ព្រមទាំងក្រុមគ្រួសាររបស់ឯកឧត្តម ស៊ីនហ្សូ អាបេ ដែលបានទទួលមរណៈភាព ក្នុងករណីបាញ់ប្រហារមួយ នៅទីក្រុងណារ៉ា កាលពីថ្ងៃទី ៨ កក្កដា ឆ្នាំ២០២២ ។

យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីការបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រី SHINZO ABE នៃប្រទេសជប៉ុន នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ដែលទើបទទួលបាននៅព្រឹកថ្ងៃទី០៩ កក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា៖ យើងជារដ្ឋមន្ត្រីការបរទេសអាស៊ានមានក្តីរន្ធត់ និង សោកសៅ ចំពោះការបាញ់សម្លាប់ឯកឧត្តម ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅទីក្រុងណារ៉ា កាលពីថ្ងៃទី ៨ កក្កដា ឆ្នាំ ២០២២ ដែលនេះជាទង្វើមិនអាចមានទឡ្ហីករណ៍ត្រឹមត្រូវឡើយ។

យើងទាំងអស់គ្នាសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ព្រមទាំងក្រុមគ្រួសាររបស់ឯកឧត្តមអតីតនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ ដែលជាមិត្តជាទីស្រឡាញ់រាប់អានដ៏ប្រពៃរបស់អាស៊ាន។

សូមរំលឹកថា លោក Abe Shinzo អតីនាយករដ្ឋមន្រ្តីជប៉ុន បានរងការវាយប្រហារពីខ្មាន់កាំភ្លើងចំទ្រូង ក្នុងពេលថ្លែងសុន្ទករថា ក្នុងព្រឹត្តិការណ៍យុទ្ធនាការរកសំឡេងឆ្នោតព្រឹទ្ធសភា ក្នុងតំបន់ Nara ខេត្ត Nara នៅម៉ោង១១និង៣០នាទីព្រឹក ម៉ោងនៅជប៉ុន ។

ខ្មាន់កាំភ្លើងត្រូវបានចាប់ខ្លួនមានឈ្មោះ Tetsuya Yamagami មានអាយុ៤១ឆ្នាំ ជាអតីតកងទាហានជើងទឹកស្វ័យការពារជប៉ុន។

ដំណឹងនៃការបាញ់ប្រហារលើអតីតនាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ សិនហ្សូ បានធ្វើឱ្យអន្តរជាតិ មានការភ្ញាក់ផ្អើលជាខ្លាំង។ ប្រធានាធិបតី, នាយករដ្ឋមន្រ្តី, រដ្ឋមន្រ្តី, ឯកអគ្គរដ្ឋទូត ព្រមទាំងអតីតមេដឹកនាំ មកពីជុំវិញពិភពលោក រួមមាន៖ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្រ្តាលី នូវែលសេឡង់ សហភាពអឺរ៉ុប រុស្ស៉ី ចិន ហ្វាំងឡង់ អេស៉្បាញ ប៉ូឡូញ អ៊ុយក្រែន ឥណ្ឌូណេស៉ី ឥណ្ឌា ប៉ាគីស្ថាន កូរ៉េខាងត្បូង ហ្វីលីពីន ម៉ាឡេស៉ី សិង្ហបុរី តៃវ៉ាន់ ថៃ និងកម្ពុជាជាដើម បាននាំគ្នាបង្ហាញ ការភ្ញាក់ផ្អើល និងតក់ស្លុតជាខ្លាំង ចំពោះសកម្មភាពធ្វើឃាតលោក អាបេ ហើយក៏បានថ្កោលទោសទង្វើនេះផងដែរ ៕ ដោយ :សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner