គូរស្រករដែល ទើបរៀបអាពាហ៍ពិពាហ៍ អាចរួមគ្នាបង្កើតគំនិតថ្មី ដើម្បីម្លប់ឈើអនុស្សាវរីយ៍

បាត់ដំបង៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានអំពាវនាវ ឲ្យជនរួមជាតិ រួមគ្នា បង្កើតគំនិតថ្មី ទុកជាម្លប់ឈើគូរស្រករ អនុស្សាវរីយ៍ នៅសួនអាពាហ៍ពិពាហ៍ សួនព្រៃឈើ លំហែកំសាន្ត ដែលបានបង្កើតឡើងដោយ រដ្ឋបាលរាជធានី-ខេត្ត រដ្ឋបាលព្រៃឈើឱ្យបានគ្រប់ៗគ្នា នៅតាមទីប្រជុំជនស្រុក ក្រុង ឃុំ សង្កាត់ ភូមិ ការអំពាវនាវនេះធ្វើឡើងនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើនៅភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២២ ក្នុងព្រះរាជពិធី «រុក្ខទិវា ៩ កក្កដា» ។ មិនតែប៉ុណ្ណោះ ព្រះរាជសុន្ទរកថា ព្រះមហាក្សត្របានមានព្រះបន្ទូលថា ការជួយទប់ស្កាត់ និងបញ្ឈប់ការកាប់ឈើ ការកាប់រានដុតឈូសឆាយដីព្រៃ និងចាប់សត្វព្រៃដោយខុសច្បាប់ អាចធ្វើឱ្យគំរបព្រៃឈើពិភពលោក មានឡើងវិញ។

ព្រះអង្គ ថែមទាំងបាន អំពាវនាវដល់ព្រះសង្ឃ អាជ្ញាធរដែនដី វិស័យឯកជន និងបងប្អូនជនរួមជាតិនៅទូទាំងប្រទេស សូមព្រះមេត្តា និងមេត្តាដាំដើមឈើគ្រប់ប្រភេទ ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ក្នុងនោះក៏មានដើមត្នោតផងដែរនៅតាមទីវត្តអារាមទីសាធារណៈ និងរមណីយដ្ឋាន តាមដងផ្លូវលំ ផ្លូវជាតិ តាមដងប្រឡាយ ភូមិដ្ឋាននានា និងតាមភ្លឺស្រែចម្ការ ដើម្បី បានម្លប់ជាជម្រកមនុស្ស ស័ព្ទ ហើយបានជាឈើ សំណង់ អុស ធ្យូង បង្កើនជីវជាតិដីកសិកម្ម ជួយទប់ កម្លាំងខ្យល់កន្ត្រាក់ ស្របឧស្ម័នកាបូនិច និងបម្រែ បម្រួលធាតុអាកាសផងដែរ។
យ៉ាងណាក៏ដោយ ការជួយទប់ស្កាត់ និងបញ្ឈប់ការកាប់ឈើ ការកាប់រាន ដុត ឈូស ឆាយដីព្រៃ ការបរបាញ់ ការដាក់អន្ទាក់ចាប់សត្វព្រៃដោយខុសច្បាប់ ហើយចូលរួមថែរក្សាការពារ ព្រៃឈើជាពិសេសការពារភ្លើងឆេះព្រៃនៅតាមតំបន់ដែលបងប្អូនរស់នៅ ដើម្បីរក្សាការពារឱ្យបាន នូវធនធានព្រៃឈើសម្រាប់កូនចៅរបស់យើងជំនាន់នេះនិងជំនាំន់ក្រោយៗទៀត។ ពិសេសត្រូវចូល រួមយកចិត្តទុកដាក់ធ្វើកសិកម្មចម្រុះនៅតាមសហគមន៍នីមួយៗ ទៅតាមសក្ដានុពលដីប្រកបដោយ ភាពវៃឆ្លាត ដោយមិនពឹងអាស្រ័យទៅលើផល អនុផលព្រៃឈើនោះឡើយ និងមានការចូលរួមជួយ ណែនាំបន្ថែមពីមន្ត្រីជំនាញបច្ចេកទេស។

ព្រះមហាក្សត្រខ្មែរ ថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះប្រទេសជាមិត្ត អង្គការ ជាតិ-អន្តរជាតិនានា ដែលបាននិងកំពុងយកចិត្តទុកដាក់ក្នុងការចូលរួមជួយដល់ការងារដាំដើមឈើ ការថែរក្សា និងការពារធនធានព្រៃឈើ-សត្វព្រៃ ក៏ដូចជាការចូលរួមក្នុងការស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជាក្នុងពេលអតីតកាល និងបច្ចុប្បន្ន ហើយសូមមេត្តាជួយបន្តទៅមុខទៀត ដើម្បីសម្រេច គោលដៅអភិវិឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ពិសេសចំពោះព្រះសង្ឃ គ្រប់ព្រះអង្គ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលព្រៃឈើព្រមទាំង រដ្ឋបាលខេត្តបាត់ដំបង ដែលបានយកចិត្តទុកដាក់សហការយ៉ាងល្អប្រសើរ ជាមួយក្រសួងព្រះបរម រាជវាំង និងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ រៀបចំពិធី រុក្ខទិវា ក្នុងខេត្តបាត់ដំបង យើងនេះ ប្រកបដោយជោគជ័យ។ ដោយហេតុថា ការដាំឈើគឺជាការវិនិយោគបៃតង លើធម្មជាតិដែលផ្ដល់ពហុប្រយោជន៍សម្រាប់មនុស្សជាតិយើងទាំងអស់គ្នា សត្វ និងភពផែនដី ព្រះអង្គក៏បានឧទ្ទិសព្រះរាជពិធី រុក្ខទិវា នេះស្ថិតក្នុងបេះដូងរបស់បងប្អូនជនរួមជាតិគ្រប់ៗរូប និងក្លាយជាប្រពៃណីនៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទរួមគ្នាថែរក្សាការពារ និងអភិវឌ្ឍន៍ធនធាន ព្រៃឈើ-សត្វព្រៃដ៏មានតម្លៃរបស់យើងឱ្យបានគង់វង្សរហូតតទៅ ៕ ដោយ ៖ ហេង វណ្ណា

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner