លោក មីន មេត ត្រូវបានព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបញ្ជាឱ្យចូលខ្លួន នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល

ភ្នំពេញ ៖ លោក មីន មេត ត្រូវបានព្រះរាជអាជ្ញា នៃអយ្យការអម សាលា ដំបូង រាជធានីភ្នំពេញ ចេញដីកាបញ្ជាឱ្យចូលខ្លួន នៅការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល។ យោងតាមដីកាបញ្ជាឱ្យឈ្មោះ មីន មេត ចូលខ្លួន ដែលអង្គភាពព័ត៌មាន AMS ទទួលបាន នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ។

សូមជម្រាបថា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង រាជធានី ភ្នំពេញ បានចេញដីកាបញ្ជាឱ្យឈ្មោះ មីន ម៉េត ភេទប្រុស អាយុ ៣៩ឆ្នាំ ចូលខ្លួន នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការ ដ្ឋាន នគរបាលរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី២១ ខែកក្កដា ខាងមុខ ពាក់ព័ន្ធករណីចេញសែកស្អុយ សរុបទឹកប្រាក់ជិត៣០ម៉ឺនដុល្លារ។

ព្រះរាជអាជ្ញា លោក ច្រឹង ខ្មៅ បានបញ្ជាក់ នៅក្នុងដីកា ដែលចេញ លើកទី២ របស់ខ្លួនយ៉ាងដូច្នេះថា “បញ្ជាឈ្មោះ មីន ម៉េត ភេទប្រុស កើតឆ្នាំ១៩៨៣ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ស្នាក់នៅផ្ទះលេខ ៨៤, ៨៦, ៨៨, ៩០, ៩២, ៩៤, ៩៦, ៩៨, ១០០, ១០២ ផ្លូវលេខ៣១ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ” ចូលបង្ហាញខ្លួន នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរលើបណ្ដឹងព្រហ្មទណ្ឌពីបទ (មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន តាមបណ្ដឹង របស់ឈ្មោះ ទុយ សុជាត្តា)។

សូមរំលឹកដែរថា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២កន្លងទៅ លោក ច្រឹង ខ្មៅ ក៏ធ្លាប់បានចេញដីកាដូចគ្នានេះ ទៅលើឈ្មោះ មីន ម៉េត ម្ដងរួចមកហើយ ប៉ុន្ដែឈ្មោះនេះ មិនអនុវត្តតាមដីការបស់តុលាការ នោះទេ។ ក្នុងកិច្ចសន្យាខ្ចីប្រាក់ បានឱ្យដឹងថា បុគ្គលឈ្មោះ មីន ម៉េត បានខ្ចីប្រាក់ពីជនរងគ្រោះចំនួន៣លើក ដោយលើកទី១ ធ្វើនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ មានទឹកប្រាក់ចំនួន១០៣,៥០០ដុល្លារ លើកទី២ ធ្វើនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ មានទឹកប្រាក់ចំនួន៥៩,៣២៥ដុល្លារ និងលើកទី៣ធ្វើនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ មានទឹកប្រាក់ ចំនួន ១២៩,៨២៤ដុល្លារ។

ក្រោយមកឈ្មោះ មីន ម៉េត បានសងត្រឡប់មកវិញ ដោយចេញ សែកចំនួន៣សន្លឹក លើកទី១ ចេញនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ចំនួន១០៣,៥០០ដុល្លារ លើកទី២ ចេញនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ចំនួន៥៩,៣២៥ដុល្លារ និងលើកទី៣ ចេញនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ចំនួន១២៩,៨២៤ដុល្លារ ។ប៉ុន្ដែនៅពេលជនរងគ្រោះ ទៅបើកប្រាក់ សែកទាំងអស់នោះ គឺគ្មានលុយនោះទេ មានន័យថា សែកស្អុយ ទើបសម្រេចចិត្តដាក់ពាក្យបណ្ដឹងតែម្ដង៕
ដោយ ៖ ឆៃហួត និងប៊ុនធី

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner