តួកគីនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំជាមួយរុស្ស៊ី អ៊ុយក្រែន និងអង្គការសហប្រជាជាតិ ដើម្បីពិភាក្សាលើការនាំចេញគ្រាប់ធញ្ញជាតិ
អង់ការ៉ា៖ រដ្ឋាភិបាលទីក្រុងអង់ការ៉ាបានបញ្ជាក់ថា គណៈប្រតិភូយោធាមកពីប្រទេសតួកគី រុស្ស៊ី និងអ៊ុយក្រែនគ្រោងជួបជាមួយតំណាងអង្គការសហប្រជាជាតិ នៅក្នុងថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដើម្បីពិភាក្សាអំពីការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនប្រកបដោយសុវត្ថិភាព។
រដ្ឋមន្ត្រីការពារជាតិតួកគីលោក ហ៊ូលូស៊ី អាកា នៅថ្ងៃអង្គារសប្តាហ៍នេះថ្លែងថា គណៈប្រតិភូយោធាមកពីតួកគី រុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងគណៈប្រតិភូអង្គការសហប្រជាជាតិនឹងធ្វើកិច្ចពិភាក្សាគ្នានៅទីក្រុងអ៊ីស្តង់ប៊ុល ក្នុងថ្ងៃស្អែកនេះទាក់ទងនឹងការដឹកជញ្ជូនគ្រាប់ធញ្ញជាតិដោយសុវត្ថិភាព ដែលកំពុងរង់ចាំនៅក្នុងកំពង់ផែអ៊ុយក្រែន ទៅកាន់ទីផ្សារអន្តរជាតិតាមរយៈផ្លូវសមុទ្រ។
កិច្ចពិភាក្សានេះធ្វើឡើងស្របពេលដែលតម្លៃស្បៀងកើនឡើងខ្ពស់ជាសកល ខណៈដែលជម្លោះក្នុងប្រទេសអ៊ុយក្រែន ដែលជាអ្នកផ្គត់ផ្គង់គ្រាប់ធញ្ញជាតិដ៏ធំបំផុតរបស់ពិភពលោក បានជំរុញឱ្យមានការព្រួយបារម្ភអំពីបញ្ហាសន្តិសុខស្បៀង។
ទន្ទឹមគ្នា តួកគីបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចពិភាក្សារវាងអង្គការសហប្រជាជាតិ រុស្ស៊ី និងអ៊ុយក្រែនលើច្រករបៀងសមុទ្រខ្មៅ ដែលមានសក្តានុពលក្នុងការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែនផងដែរ។
នៅមុនការចរចាខាងលើនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូធឺរែស បាននិយាយថា នៅតែមានផ្លូវអាចទៅរួចសម្រាប់ការចរចាដើម្បីព្យាយាម និងបន្តការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន។
លោកបានប្រាប់អ្នកយកព័ត៌មានថា យើងកំពុងធ្វើការយ៉ាងលំបាក ប៉ុន្តែនៅតែមានផ្លូវដែលត្រូវទៅ… មនុស្សជាច្រើនកំពុងនិយាយអំពីវា… យើងចង់សាកល្បងធ្វើវា៕ ប្រភព៖ Aljazeera ប្រែសម្រួល៖ ទីណា និងបុត្រា