រាជធានី ភ្នំពេញនឹងមានរោងចក្រផលិតទឹកស្អាតមួយទៀត នៅសង្កាត់បឹងធំ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន៥០០០ម៉ែត្រគីបក្នុង១ថ្ងៃ
ភ្នំពេញ៖ រាជធានី ភ្នំពេញនឹងមានរោងចក្រផលិតទឹកស្អាតមួយកន្លែងទៀត មានសមត្ថភាពផលិតទឹកស្អាតបាន៥០០០ម៉ែត្រគីបក្នុង១ថ្ងៃ ដែលមានទីតាំង លើដីសណ្តស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិបឹងធំ២ ភូមិបឹងធំ៣ សង្កាត់បឹងធំ ខណ្ឌកំបូល។
ដើម្បីឱ្យដំណើរការនៃគម្រោងខាងលើនេះទទួលបាននូវភាពជោគជ័យ បំពេញបាននូវបំណងចង់បានរបស់បងប្អូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈចុះពិនិត្យមើលស្ថានភាពទឹក សណ្ដស្ទឹង ព្រែក ត្នោត ឯឧក៏បានដឹកនាំមន្ទីរ អង្គភាព ជំនាញ ពាក់ព័ន្ធ ចុះទៅពិនិត្យ គម្រោង ទីតាំង សាងសង់ ស្ថានីយ ទឹក ស្អាត របស់ រដ្ឋាករ ទឹក ស្វយ័ត ក្រុងភ្នំពេញនេះផងដែរ។
បើតាមមន្ត្រី រដ្ឋាករ ទឹក ស្វយ័ត ក្រុងភ្នំពេញ បានអោយដឹងថា គម្រោង សាងសង់ ស្ថានីយ ទឹក ស្អាត របស់ រដ្ឋាករ ទឹក ស្វយ័ត ក្រុងភ្នំពេញខាងលើនេះ មានឈ្មោះថា ជារោងចក្រផលិតទឹកស្អាតបឹងធំ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន៥០០០ម៉ែត្រគីបក្នុងមួយថ្ងៃ ដោយផ្តើមសាងសង់នៅក្នុងឆ្នាំ២០២២ ដល់២០២៤ លើផ្ទៃដី៣០ហិចតា ។
រោងចក្រ ប្រព្រឹត្តិ កម្មទឹកស្អាត នេះ អាចផ្គត់ផ្គង់ទឹកស្អាត អោយបងប្អូនប្រជាពលរដ្ឋបាននៅភាគខាង លិច ឆៀង ខាង ត្បូងរាជធានីភ្នំពេញ នៅស្រុក កណ្ដាល ស្ទឹងខេត្តកណ្តាល និង មួយ ផ្នែក ទៀត នៅអាកាស យានដ្ឋាន អន្តរជាតិ ភ្នំពេញ ថ្មី ។
រោងចក្រផលិតទឹកស្អាតបឹងធំ ជាជំហានទី១ នៅឆ្នាំ២០២៣នឹងអាចអោយបងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់ទឹកស្អាតនេះបាន នៅក្នុង៣សង្កាត់នៃខណ្ឌកំបូល ហើយនឹងបន្តពង្រឹកវិសាលភាពអោយកាន់តែធំបន្ថែមទៀត សំដៅធ្វើយ៉ាងណាអោយប្រជាពលរដ្ឋ រស់នៅស្អាត ផឹកទឹកស្អាត មានអនាម័យល្អ ទៅតាមគោលនយោបាយរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
មានគុណបំណាច់ច្រើនណាស់សម្រាប់ប្រជាជនកម្ពុជា ទី១ មានរំដោះប្រជាពលរដ្ឋកម្ពុជាអោយរួចពីការកាប់សម្លាប់របស់ប៉ុលពតនៅថ្ងៃ៧មករាឆ្នាំ១៩៧៩ ទី២ បានការពារជីវិតប្រជាពលរដ្ឋកម្ពុជាម្តងទៀតពីជម្ងឺកូវីដ-១៩ និងទី៣ សម្តេចបានគិតគូធ្វើយ៉ាងណាអោយប្រជាពលរដ្ឋ រស់នៅស្អាត ផឹកទឹកស្អាត តាមរយៈការបង្កើតអោយមានរោងចក្រ ផលិតទឹកស្អាត នេះឯង ៕ ដោយ ៖ ហេង សម្បត្តិ