រដ្ឋបាលខេត្តកំពត ជូនដំណឹងស្តីពីការបើកទ្វាររំដោះទឹកចេញពីអាងស្តុកទឹកវារីអគ្គិសនីកំចាយ
ខេត្តកំពត ៖ នៅព្រឹកថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងមួយច្បាប់ អំពីការបើកទ្វាររំដោះទឹកចេញ ពីទំនប់អាងស្តុកទឹកវារីអគ្គិសនីកំចាយ របស់ ក្រុមហ៊ុន ស៊ីណូហាដ្រូ ដែលការបើករំដោះទឹកចេញពីអាងស្តុកនេះធ្វើឡើង ក្រោយពេលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ។
ក្នុងខ្លឹមសារនៃសេចក្តីជូនដំណឹងរបស់ រដ្ឋបាលខេត្តកំពត បានឱ្យដឹងថា គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពត សូមជម្រាបជូនដំណឹងដល់ ប្រជាពលរដ្ឋក៍សាធារណៈជន មេត្តាជ្រាបថា តាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ភ្លៀងនឹងបន្តធ្លាក់ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ នៅផ្ទៃសមុទ្រមានភ្លៀងខ្យល់ខ្លាំង និង រលកសមុទ្រខ្ពស់។
តាមស្ថានភាព អាកាសធាតុនេះ ភ្លៀងនៅតែបន្តធ្លាក់ ជាបន្តបន្ទាប់ ជាពិសេស នៅតំបន់ទំនប់វារីអគ្គិសនីកំចាយ ទឹកក្នុងអាងទំនប់ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០៨:០០នាទីព្រឹក ទឹកមានកម្ពស់ ១៤៧.៥៩ម ទឹកហូរចូលអាងមាន ចំនួន ១,០៨៨, ៥ម៣/វិនាទី។
ដូច្នេះក្រុមការងារ បច្ចេកទេសទំនប់វារីអគ្គិសនីកំចាយ បានធ្វើការបើកទ្វារទឹកចំនួន៣ កម្ពស់២ម៉ែត្រ ដើម្បីរំដោះទឹកចេញពីទំនប់ និងលំហូរចេញ មានចំនួន ៧៨៣.៩ម៉ែត្រគូបក្នុង/វិនាទី។
ជាមួយគ្នានេះដែរ កាលពីវេលាម៉ោង៨ និង ៥០នាទីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារបច្ចេកទេស ទំនប់វារីអគ្គិសនីកំចាយ បានធ្វើការបើកទ្វារទឹកចំនួន៤ ដែលមានកម្ពស់២ម៉ែត្រ ដើម្បីរំដោះទឹកចេញ ដោយពិនិត្យឃើញពីស្ថានភាព នៃលំហូរទឹកចូលក្នុងអាងស្តុកទឹក មានការថយចុះ ទើបក្រុមការងារ បច្ចេកទេសបានបិទទ្វារទឹកចំនួន ១វិញ ដោយទុកតែ ៣ប៉ុណោះ នៅវេលាម៉ោង១ និង ១៨ នាទី រំលងអាធ្រាត ថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០២២។
សូមបញ្ជាក់ថា កម្ពស់ទឹកដែលត្រូវដល់កម្រិតប្រកាស់អាសន្នក្នុងទំនប់វារីអគ្គិសនីកំចាយ មានកម្ពស់ ១៤៨ម៉ែត្រ ដូច្នេះនៅពេលដែលកម្ពស់ទឹក កើនឡើងជិតដល់កម្រិតប្រកាស់អាសន្ន ក្រុមការងារបច្ចេក ទេស ទំនប់វារីអគ្គិសនី កំចាយ និងធ្វើការបើកទ្វារ រំដោះទឹកចេញពីអាងស្តុក តាមលក្ខណៈបច្ចេកទេស ដើម្បគ្រប់គ្រង កម្ពស់ទឹកក្នុងអាងស្តុក៕ ប្រភព ៖ ខេត្តកំពត